នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប

ខេត្តកែប៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ព្រឹកថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ០២ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប ។



អង្គពិធីប្រារព្ធធ្វើឡើងនៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តកែប ដោយមានថ្នាក់ដឹកនាំសាលាដំបូងខេត្តកំពត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្ត្រីថ្នាក់ខេត្ត ក្រុង ស្រុក បានអញ្ជើញចូលរួមផងដែរ។ពិធីនេះត្រូវបានតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ពីស្នងការរង ទទួលផែនអត្តសញ្ញាណកម្មនៃស្នងការដ្ឋាននគរបាលខេត្តកំពត ទៅជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប ជំនួសលោកឧត្តមសេនីយ៍ត្រី បែន តារា ដែលត្រូវតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្តាល នគរបាលព្រំដែន និងតម្លើងឋានន្តរស័ក្តិជាថ្នាក់ឧត្តមសេនីយ៍ទោផងដែរ។



ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានមានសាសន៍កោតសរសើរពីស្នាដៃ និងសមិទ្ធផលរបស់ស្នងការដ្ឋាននគរបាលខេត្តកែប និងបានផ្តាំផ្ញើដល់លោកស្នងការថ្មី ក្នុងការបន្តដឹកនាំមន្ត្រីនគរបាលខេត្តកែប ឱ្យមានប្រសិទ្ធភាពក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្ត។ថ្លែងក្នុងអង្គពិធី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្តល់អនុសាសន៍ ជម្រុញឱ្យការប្តេជ្ញាចិត្តរបស់លោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ នៃស្នងការនគរបាលថ្មី ប្រែក្លាយទៅជាការអនុវត្តការងារជាក់ស្តែងប្រកបដោយជោគជ័យ ។



បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានដាសតឿនស្នងការថ្មី ត្រូវធ្វើកិច្ចការដោយមានការចូលរួមពីអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ជាពិសេសសាមគ្គីឯកភាពផ្ទៃក្នុង និងត្រូវគោរពអនុវត្តឱ្យមានប្រសិទ្ធភាព ខ្ពស់នូវរាល់បទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត ដែលមានឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ជាប្រធាន ។ ទន្ទឹមនោះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ណែនាំ ស្នងការ ត្រូវពង្រឹងរបៀបរបបការងារ,ត្រូវមានការលើកទឹកចិត្ត ការលើកសរសើរជូនរង្វាន់ដល់អង្គភាព មន្ត្រីដែលមានស្នាដៃ (ជៀសវាងមានការរត់ការ), ត្រូវយកចិត្តទុកដាក់អប់រំ អនុវត្តវិន័យ សីលធម៌ លក្ខន្តិកៈមន្ត្រីនគរបាលជាតិ,ស្នងការត្រូវបែងចែកភារកិច្ចជំនាញឱ្យបានច្បាស់លាស់, សហការជាមួយអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បង្ការទប់ស្កាត់បទល្មើស និងគ្រោះថ្នាក់ចរាចរណ៍ឱ្យបានមានកម្រិតទាប ជាពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ ។
ឱកាសនោះដែរ នាយឧត្តមសេនីយ៍ អគ្គស្នងការ ក៏បានណែនាំឱ្យចូលរួមបន្តវិធានការ បង្ការជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ។



ចុងបញ្ចប់ ឯកឧត្តម បានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកែប នូវរថយន្តចំនួន១គ្រឿង ម៉ូតូចំនួន៥គ្រឿង អាវអន្តរាគមន៍ចំនួន១០០អាវ អាវចំណាំងផ្លាតចរាចរណ៍ចំនួន១០០អាវ និងងដំបងបញ្ជាចរាចរណ៍ចំនួន៥០ដើម សំរាប់ប្រតិបត្តិការក្នងអង្គភាពផងដែរ ៕