About Me

header ads

ក្រុមនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បើកប្រតិបត្តិការបង្រ្កាបករណីឆក់កាបូបលុយឃាត់ខ្លួនជនសង្ស័យ២នាក់

ខេត្តប៉ៃលិន ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន កាលពីវេលាម៉ោង៥ និង១៥នាទីល្ងាចថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានដឹកនាំកម្លាំងព្រហ្មទណ្ឌ និងកម្លាំងសន្តិសុខនៃអធិការដ្ឋាន នគរបាលក្រុងប៉ៃលិន រួមទាំងកម្លាំងប៉ុស្តិ៍រដ្ឋបាល បានចុះស្រាវជ្រាវ និងតាមដាន កំណត់មុខសញ្ញា ។ ប្រភពបន្តទៀតថា លុះដឹងទីតាំងជាក់លាក់ហើយ នគរបាលធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំណុចភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ពាក់ព័ន្ធនឹងករណី ឆក់កាបូបលុយប្រជាពលរដ្ឋ ។ ប្រភពដដែលបន្តទៀតថា ហេតុការណ៍ចោរឆក់កាបូបនេះ បានកើតឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចទល់មុខកាកបាទក្រហមសាខាខេត្តប៉ៃលិន ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បណ្តាលអោយបាត់បង់ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាក iphone7 ចំនួន០១គ្រឿង និងម៉ាក iphone5s ចំនួន០១គ្រឿង ។ ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីតាមចាប់ឃាត់ខ្លួនជនសង្ស័យទាំងនោះតែម្តង ។
ប្រភពបញ្ជាក់ទៀតថា ជនសង្ស័យទី១- ឈ្មោះ ឡូ ប្រាក់ផន ហៅឌី ភេទប្រុស អាយុ១៨ឆ្នាំ សញ្ចាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ទី២- ឈ្មោះ ហ៊ន់ ម៉េនហាវ ហៅរ៉ា ភេទប្រុស អាយុ២១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់ឆ្នាំង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។​ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននគរបាលឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន អនុវត្តតាមនិតិវិធី ។