About Me

header ads

គ្រួសារជនចាស់ជរាពិការគ្មានទីពឹង និងគ្រួសារងាយរងគ្រោះ ចំនួន១០គ្រួសារនៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំងបានទទួលអំណោយរបស់រាជរដ្ឋាភិបាល

កំពង់ឆ្នាំងៈ អំណោយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង សម្រាប់ផ្តល់ជូនគ្រួសារងាយរងគ្រោះ ត្រូវបានលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សា ខេត្ត និង លោក ថោង ចំរើនប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត លោកយិន សាវ៉េនអភិបាលក្រុងកំពង់ឆ្នាំងនិងលោកស្រីហួត មួយអ៉ីម បានចុះសាកសួរសុខទុក្ខនិងនាំយកទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១០គ្រួសារនៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។
លោក ថោង ចំរើន បានអោយដឹងថាៈប្រជាពលរដ្ឋមួយចំនួនតូចនៅខេត្តកំពង់ឆ្នាំង ជួបការលំបាកខ្វះខាតជីវភាព ហើយដើម្បីសម្រួលនូវការលំបាកនេះរាជរដ្ឋាភិបាល បានផ្តល់អំណោយតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត ដើម្បីជួយដល់គ្រួរសារងាយរងគ្រោះ នៃគម្រោងសុខមាលភាពសង្គម សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ជាគ្រួសារចាស់ជរា ជួបការលំបាក ស្រ្តីមេម៉ាយ ជនពិការ  អំណោយដែលបានផ្តល់ជូននាពេលនេះមានចំនួន១០គ្រួសារក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម មី១កេស ទឹកត្រី១យួរ សាប៊ូ២ដុំ ក្រម៉ា១។ក្នុងនោះលោកស្រី ហួត មួយអ៉ីម បាន ឧបត្ថម្ភក្នុងមួយគ្រួសារៗថវិកា៥ម៉ឺនរៀលផងដែរ ។
 
មានប្រសាសន៍នៅក្នុងឱកាសនោះលោកជំទាវ កែ ច័ន្ទមុនី  បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជានិច្ចកាលសម្តេចតែងតែបានគិតគូរ យកចិត្តទុកដាក់ អំពីសុខមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។

លោកជំទាវ កែ ច័ន្ទមុនី បានផ្តាំផ្ញើដល់អាជ្ញាធរនៅគ្រប់មូលដ្ឋានទាំងអស់  ត្រូវបង្កើនសកម្មភាពបន្ថែមទៀតក្នុងការចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដល់ប្រជាពលរដ្ឋរបស់ខ្លួនអោយបានញឹកញាប់បំផុត ធ្វើយ៉ាងណាអោយនៅក្នុងមូលដ្ឋាន ក្រុមគ្រួសារ និង សហគមន៍របស់ខ្លួន គ្មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នោះទេ ។
 
លោកជំទាវ កែ ច័ន្ទមុនី បានអំពាវនាវសុំអោយបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់មានអនាម័យជាប់ជាប្រចាំគឺត្រូវពាក់ម៉ាស ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុលឬចឹលសម្លាប់មេរោគឆ្លងផ្សេងៗ ហើយបន្តរក្សាគម្លាតឆ្ងាយពីគ្នា និងរួមគ្នាថែរក្សាសុខសន្តិភាពអោយនៅគង់វង្ស៕

ដោយ សុល៊ក្ខារិន