About Me

header ads

មុខសញ្ញាគាស់ផ្ទះប្រជាពលរដ្ឋយកអស់ទ្រព្យសម្បត្តិជាង៣ម៉ឺនដុល្លារត្រូវបានកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងឃាត់ខ្លួនបាន

ស្ទឹងត្រែងៈ ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ អំពីករណីចោរគាស់ផ្ទះយកទ្រព្យសម្បត្តិអស់ជាង៣ម៉ឺនដុល្លារមក កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការនិងបានឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យម្នាក់នៅស្រុកក្រឡាញ់ខេត្តសៀមរាបបញ្ជូនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធខេត្តស្ទឹងត្រែងនិងបញ្ជូនទៅកាន់តុលាការចាត់ការបន្តកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងដឹកនាំបង្ក្រាបផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង ។


ជនសង្ស័យដែលសមត្ថកិច្ចបង្ក្រាបបានឈ្មោះ ប៉ិច ផាណ្ណៈ អាយុ៣៦ឆ្នាំ បានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស និងយកទ្រព្យសម្បត្តិសរុបជាង៣៦,០០០ដុល្លារ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។ សមត្ថកិច្ចបញ្ចាក់ថាដោយមានកិច្ចសហការជាមួយកម្លាំងអាវុធហត្ថខេត្តដែលពាក់ព័ន្ធទើបឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើបាននៅខេត្តសៀមរាបតែម្តង។ លោកថាដោយមានការអនុញ្ញាតពីលោក ជេត ខេមរា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង ជំនាញការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត បានប្រគល់ជូនជនរងគ្រោះវិញផងដែរ រីឯជនសង្ស័យត្រូវបញ្ជូនទៅកាន់តុលាការចាត់ការផ្តន្ទាទោសតាមនិតិវិធីច្បាប់៕