About Me

header ads

ប្រជាពលរដ្ឋ មកពីស្រុកក្រគរ ខេត្តពោធិ៍សាត់ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាំគ្នាសម្រុកឡើងភ្នំបេះផ្សិត ប៉ក់ ឬផ្សិតផោងផាងនៅស្រែអំពិល ក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស ដើម្បីលក់ឱ្យឈ្មួញ ដឹកយកទៅលក់បន្តឱ្យថៃ

ខេត្តកំពង់ឆ្នាំង: ប្រជាពលរដ្ឋជាច្រើនមកពីខេត្តពោធិ៍សាត់ និងខ្លះទៀតអ្នករស់នៅខេត្តកំពង់ឆ្នាំងបាននាំគ្នាសម្រុកឡើងភ្នំស្រែអំពិលដែល ស្ថិតនៅក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីបេះផ្សិតប៉ក់ឬខ្លះហៅផ្សិត ផូងផាំង ខ្លះទៀតហៅផ្សិតដុំដីយកមកលក់ឲ្យឈ្មួញ ដែលឈចាំទិញនៅចំណុចផ្សារក្តុល ដើម្បីនាំយកទៅលក់បន្ត ឱ្យឈ្មួញថៃ ឯក្រុងប៉ោយប៉ែត ។

របស់ប្រជាពលរដ្ឋទាំងនោះបានឱ្យដឹងថា៖ពួកគាត់ខ្លះនៅភូមិបំណក់ ភូមិឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ខ្លះនៅភូមិក្រាំស្គារ ឃុំក្តុលសែនជ័យ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង បាននាំគ្នា ទៅបេះផ្សិតប៉ក់ នៅចំណុចជើងភ្នំស្រែអំពិល នេះ គឺនៅពេលដែលមានភ្លៀងធ្លាក់  ព្រោះចាប់តាំងពីមានភ្លៀងធ្លាក់ប៉ុន្មាន ថ្ងៃជាប់គ្នាមក ផ្សិតប៉ក់ឬផ្សិតផោងផាំងបានដុះយ៉ាងច្រើនពេញព្រៃភ្នំតែម្តង ។

នៅពេលដែលបេះបាន គឺដឹកតាមម៉ូតូមកដល់ផ្សារ ក្តុល ដែលមានឈ្មួញឈចាំទិញ នៅទីនោះស្រាប់  ដោយក្នុងផ្សិត១គីឡូក្រាម លក់បានថ្លៃ៧០០០រៀល ហើយក្នុងម្នាក់ៗមួយថ្ងៃអាចរកបាន ពី៤ទៅ៥គីឡូក្រាម ឯ ខ្លះទៀតអាចបេះបានច្រើនជាងនេះបើប៉ះចំហ្វូងរបស់វា  ។

ជាមួយគ្នានេះ ផងដែរឈ្មួញ ដែលជាអ្នកចាំទិញពីប្រជាពលរដ្ឋបានឲ្យដឹងថាគាត់ទិញពីប្រជាពលរដ្ឋថ្លៃ ៧០០០រៀល ពេលដឹកដល់លក់ឱ្យថៃ ១គីឡូក្រាម លក់បាន៣ទៅ៤រយបាត ឬស្មើនិងជាង៣ម៉ឺនរៀល ប៉ុន្តែផ្សិតទម្រាំដឹកដល់ទីនោះវាបានស្រកគីឡូច្រើន ម្យ៉ាងវិញទៀត យើងត្រូវលាងសំអាតឱ្យបានស្អាតទើប ថៃទិញ ផងដែរ ។

ក្នុងមួយថ្ងៃពួកគាត់អាចទិញ ពី៤ទៅ៥រយគីឡូក្រាម ឬអាចច្រើនជាងនេះ ពេលផ្សិតសំបូរ ។

ដោយឡែក មេឃុំក្តុលសែនជ័យ លោក ម៉ឹងវិសាល បានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី១៤មិថុនា២០២០នេះថាប្រជាពលរដ្ឋ ភាគច្រើនមកពី ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានមកបេះផ្សិតប៉ក់ ភ្នំស្រែអំពិលនេះ  ព្រោះនៅ ស្រុកក្រគរ គេកាប់ព្រៃអស់ទៅ គឺគ្មានព្រៃដែលផ្សិតអាចដុះបានឡើយ ម៉្លោះហើយ ពួកគាត់មកបេះតែជើងភ្នំស្រែអំពិល ក្នុងឃុំក្តុលសែនជ័យនឹងទេ ។

សម្រាប់អ្នកភូមិក្រាំងស្គា ភូមិក្តុល ខេត្តកំពង់ឆ្នាំងក៍មានអ្នកឡើងបេះផ្សិតប៉ក់ នេះដែរ ហើយខ្លះប៉ះចំហ្វូងវា អាចរកចំណូលបានជាង១០ម៉ឺនរៀលក្នុង១ថ្ងៃ តែខ្លះបានត្រឹម តែ៤-៥ម៉ឺនរៀលប៉ុណ្ណោះ ។

តាមដែលលោកបានដឹងតគ្នាថា៖ ថៃ គេចូលចិត្តហូបផ្សិតប៉ក់នេះ ធ្វើជាម្ហូប ព្រោះមានជំនឿងថា៖ ផ្សិតប៉ក់ហូបទៅបាត់ឈឺខ្នង ឈឺចង្កេះ  ។

ផ្សិតប៉ក់នេះ  គឺធ្វើម្ហូប ដោយយកវាមកឆា ជាមួយសាច់ជ្រូក សាច់គោ ឬស្ងោវាក៍បានដែរ ហើយមានរស់ជាតិឆ្ងាញ់ ដូចផ្សិត ធម្មជាតិផ្សេងៗ ដូចជាផ្សិតកញ្ជោ ផ្សិតចំបើង និងផ្សិតសណ្តែកជាដើម៕

 ដោយ សុក្ខារិន