About Me

header ads

ស្ត្រីម្នាក់ដេកស្លាប់ហើមស្អុយក្នុងបន្ទប់ជួលសង្ស័យប្ដីចុងវាយសម្លាប់

ភ្នំពេញ​៖​ ស្រ្តីម្នាក់បាត់ខ្លួន៣ថ្ងៃកន្លងមកហើយអត់មាននរណាម្នាក់បានដឹងថាគាត់ទៅណាមកណទេ ស្រាប់តែរហូតមកដល់វេលាម៉ោងជិត១១ព្រឹក​ ថ្ងៃទី១៦​ ខែមិថុនា​  ឆ្នាំ២០២០ មានធំក្លិនស្អុយចម្លែកចេញពីក្នុងបន្ទប់​ជួលលេខ១​ នៃផ្ទះជួលដែលគាត់និងប្ដីចុងជួលស្នាក់នៅ ស្ថិនៅភូមិគោកខ្សាច់​ សង្កាត់ប្រទះឡាង​ ខណ្ឌកំបូល​  រាជធានីភ្នំពេញ​។ ម្ចាស់ផ្ទះជួលបានកាត់សោរដែលប្ដីចាក់ពីខាងក្រៅចូលទៅមើលទើបឃើញគាត់ស្លាប់មានសភាពហើមស្អុយបាត់ទៅហើយ និងបង្កឲ្យមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំង។

ការស្លាប់របស់ស្ត្រីរងគ្រោះខាងលើត្រូវបានគេសង្ស័យថាជាងំពើឃាតកម្មហើយត្រូវប្ដីចុងវាយសម្លាប់នៅក្នុងរឿងទំនាស់គ្នា ព្រោះកន្លងមកគ្រួសារមួយនេះមិនសូវចុះសម្រុងនិងគ្នាទេ តែងតែមានការឈ្លោះប្រកែកគ្នាហើយប្ដីបានប្រើអំពើហឹង្សារវាយតប់ប្រពន្ធជាញឹកញាប់ មិនតែប៉ុណ្ណោះគ្រាន់តែមានកសរភ្ញាក់ផ្អើលថាប្រទះឃើញសពប្រពន្ធភ្លាមប្ដីចុងនេះបានរត់គេចខ្លួនបាត់ភ្លាមៗផងដែរ។

ជនរងគ្រោះខាងលើឈ្មោះហេង សុខឃឿន ភេទស្រី​ អាយុ ៤៥ឆ្នាំ​មុខកម្មកររោងចក្រ អតីតជាស្រីមេម៉ាយកូន២នាក់ដោយកូនស្រីច្បងអាយុ១៨ឆ្នាំមានប្ដីទៅហើយនិងកូនប្រុសម្នាក់ទៀត ស្នាក់នៅកន្លែងកេីតហេតុ​ មានស្រុកកំណើត ភូមិជ្រួល ឃុំ បាល័ង្គ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។គាត់បានយកប្ដីក្រោយឈ្មោះពេជ្រ ចន្ថា អាយុ ៤៣ ឆ្នាំ​ មុខរបរកម្មករសំណង់ ខេត្តស្វាយរៀង។ ជននេះក៏ធ្លាប់ត្រូវបាននគរបាលឃាត់ម្ដងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ កន្លងទៅក្រោយវាយធ្វើបាបជនរងគ្រោះបណ្ដាលឲ្យមានរបួសស្នាមយ៉ាងដំណំ បន្ទាប់មកបានរួចខ្លួនវិញហើយពេលនេះក៏សម្លាប់ប្រពន្ធចោលតែម្ដង។

បេីតាមស្រ្តីម្នាក់ឈ្មោះបង្កេីតជនរងគ្រោះឈ្មោះម៉ន សុភា អាយុ១៨ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរស្នាក់នៅក្នុងភូមិកើតហេតុនោះដែរ បានប្រាប់ឲ្យដឹងថា​ ម្តាយរបស់គាត់បានរស់នៅជាមួយប្តីចុងរយះពេល៣ឆ្នាំមកហេីយ​ ។ ដោយក្នុងពេលកន្លងមកតែងមានការឈ្លោះប្រកែកគ្នា និងត្រូវបានបុរសជាប្តីបានវាយធ្វេីបាបរហូតមិនដែលមានសេចក្ដីសុខម្ដងណាឡើយ។មិនតែប៉ុណ្ណោះអ្នកទាំង២បានផ្លាស់ប្ដូរបន្ទប់ជួលពីមួយទៅមួយជាញឹកញាប់មិនដែលស្នាក់នៅកន្លែងណាមួយជាប់កន្លែងនោះទេ ហើយក៏ទើបតែផ្លាសមកជួលបន្ទប់កើតហេតុបានរយៈពេល៣ថ្ងៃប៉ុណ្ណោះក៏ជួបរឿងបែបនេះកើតឡើងតែម្ដង។

កូនស្រីរូបនេះបានបន្តទៀតថា ក្រោយពេលម្ដាយនិងឪពុកចុងផ្លាស់មកស្នាក់នៅបន្ទប់ជួលកើតហេតុនាងអត់ដែលបានជួបមុខម្ដាយទេ ប៉ុន្តែធ្លាប់ជួបឪពុកចុង ហើយនាងបានសួររកម្ដងនាង ឪពុកចុងនេះបានប្រាប់នាងថា ម្ដាយនាងទៅស្នាក់នៅជាមួយមិត្តភក្ដិធ្វើការងារនៅឯសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បាត់ហើយ។ខណៈនោះនាងស្មានថាសម្ដីឪពុកចុងជាការពិត ទើបមិនចាប់អារម្មណ៍ថាម្ដាយស្លាប់នៅក្នុងផ្ទះនោះ លុះដល់ថ្ងៃទី១៦ ខែមិថុនា នេះក៏ស្រាវ់តែប្រទះឃើញសាកសពម្ដាយគួរឲ្យរន្ធត់បំផុតបែបនេះរីឯឪពុកចុងក៏រត់បាត់ស្រមោលតែម្ដង។

ស្ត្រីម្ចាស់ផ្ទះបានឲ្យដឹងថា​ នៅមុនពេលកេីតហេតុរូបគាត់បានគាត់ដេីរកាត់មុខបន្ទប់លេខ១​ ក៏មានក្លិនស្អុយចម្លែកហើយដោយមានការសង្ស័យគាត់ក៏កាត់សោរទ្វារចូលមេីល​ ភ្លាមនោះក៏ប្រទះឃេីញស្ត្រីខាងលើដេកស្លាប់ដោយស្ថានភាពហេីមស្អុយបាត់ទៅហេីយទើបរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះទៅពិនិត្យមើល។ចំណែកអ្នកភូមិបាននិយាយថា កាលពីពីវេលាល្ងាចថ្ងៃសៅរ៍ទី១៣ ខែមិថុនា ឆ្នាំ២០២០ បុរសជាប្ដីចុងបានជិះម៉ូតូ១គ្រឿងឌុបស្រ្តីរងគ្រោះទៅចូលរួមកម្មវិធីខួបកំណើតគេ ហើយរហូតដល់យប់ជ្រៅទើបត្រឡប់មកវិញ។ក្រោយមកក៏ស្រាប់តែបាត់ស្រ្តីជាប្រពន្ធចេញពីក្នុងផ្ទះរហូតដល់ពេលប្រទះឃើញសាកសព ចំណែកប្ដីក៏បានគេចខ្លួនបាត់ ហើយពេលនេះសមត្ថកិច្ចកំពុងធ្វេីការពិនិត្យកោសល្យវិច័យនិងស្រាវជ្រាយតាមចាប់ជនដៃដល់យកមកដាក់ទោសតាមច្បាប់ហើយ៕