About Me

header ads

អាជ្ញាធរខេត្ត អំពាវនាវឱ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិ

ខេត្តប៉ៃលិន ៖ ក្នុងឱកាសអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានមានប្រសាសន៍ថា ៖ ដោយសាររដូវនេះ ជារដូវមានភ្លៀងធ្លាក់ច្រើន និងលាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ងាយបង្កការគ្រោះថ្នាក់កើតឡើង ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសកូនចៅតូចៗ ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងសេចក្តីសុខក្នុងក្រុមគ្រួសារទាំងមូល ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ៖ គ្រោះធម្មជាតិ គឺតែងតែកើតមានឡើងជាយថាហេតុ ។ ដូច្នេះ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ និងប្រញាប់រាយការណ៍មកកាន់ អាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ឲ្យបានលឿន ដើម្បីឱ្យក្រុមការងារ ចុះទៅជួយអន្តរាគមន៍ និងផ្តល់អំណោយសង្គ្រោះបន្ទាន់បានទាន់ពេលវេលា ក្នុងការចូលរួមសម្រាលការខ្វះខាតនានា ជាបណ្តោះអាសន្ន ។

ឯកឧត្តមបានបន្តថា ៖ បើទោះបីជាអំណោយសង្គ្រោះបន្ទាន់ទាំងនេះមិនអាចបំពេញតាមតំរូវការ និងការលំបាករបស់បងប្អូនក៍ពិតមែន តែក៍អាចជួយដោះស្រាយបានមួយរយៈពេលផងដែរ ។ ដូច្នេះ សូមលោកតា លោកយាយ អ៊ុពូមីង និងបងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិត ដូចជាការបង្កបង្កើនផលដំណាំ និងការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារឱ្យបានកាន់តែច្រើន ដើម្បីលើកកម្ពស់ជីវភាពឱ្យប្រសើជាងមុន ។

ឯកឧត្តមអភិបាលខេត្ត ក៍បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវរស់នៅមានអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស ឬប្រើប្រាស់កន្សែងនៅពេលចេញទៅខាងក្រៅ ហើយប្រសិនបើមានសាច់ញាតិ ទើបត្រលប់មកពីក្រៅប្រទេស ត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ ព្រមទាំងដាក់ខ្លួននៅដាច់ដោយ ឡែក រយះពេល១៤ថ្ងៃសិន ចាំចូលមកស្និតស្នាលជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅសហគមន៍ ហើយបើមានអាការៈសង្ស័យណាមួយ ត្រូវប្រញាប់មកកាន់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមមកលេខ១១៥ ។

សូមរំលឹកថា ៖ កាលពីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តប៉ៃលិន មានភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំនឹងខ្យល់កន្ត្រាក់ បានបណ្តាលឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន០៨គ្រួសារ នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយអាជ្ញាធរខេត្ត បានផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់គ្រួសាររងគ្រោះ ដោយក្នុង១គ្រួសារទទួលបាន ៖ កៅស៊ូតង់១ផ្ទាំង អង្ករ២៥គីឡូក្រាម មី១កេះ ទឹកត្រី១យួរ ត្រីខ ១យួរ និងប្រេងឆា ១ដបផងដែរ ។




ដោយ ៖ នីយ៉ា