About Me

header ads

គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីប្រារពពិធីសូត្រមន្តចម្រើនព្រះជន្មថ្វាយព្រះពរព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

ខេត្តរតនគិរី៖​ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នាព្រឹកថ្ងៃទី១៨ ខែមិថុនា  ឆ្នាំ២០២០នេះ បានប្រារពពិធីសូត្រមន្តចម្រើនព្រះជន្មថ្វាយព្រះពរព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូ និងសុភមង្គលជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់៨៤ យាងចូល ៨៥ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ។ ពិធីចម្រើនមង្គលដ៏ថ្លៃថ្លានេះ បានប្រារព្ធធ្វើឡើងនៅពុទ្ធសីម៉ាវត្តឥសានរតនារាមហៅវត្តភ្នំស្វាយស្ថិតក្នុងភូមិភ្នំស្វាយ  សង្កាត់បឹងកន្សែង  ក្រុងបានលុងក្រោមអធិបតីភាពឯកឧត្តម  ថង  សាវុន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តរតនគិរី និងឯកឧត្តម ណាប់  ប៊ុនហេង  ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួម ឯកឧត្តម លោកជំទាវអភិបាលរងខេត្តសមាជិកក្រុមប្រឹក្សាខេត្ត  សមាជិកគណៈកម្មាធិការសាខា អនុសាខាកាកបាទក្រហមខេត្ត ក្រុង សមាជិកាសាខា យុវជនស្ម័គ្រចិត្តកាកបាទក្រហម និងលោកយាយ លោកតា យ៉ាងច្រើនកុះករ។ ឯកឧត្តម ថង សាវុន តាងនាមថ្នាក់ដឹកនាំសូមព្រះរាជានុញ្ញាតក្រាបបង្គំទូលថ្វាយព្រះសព្ទ សាធុការ បវរសួស្ដី សិរីមង្គល វិបុលសុខ ជាមួយនឹងមនោសញ្ចេតនា កត្តញ្ញូកតា វេទិតាធម៌ដ៏ជ្រាលជ្រៅ ចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ប្រកបដោយព្រះសុខភាពល្អ មានព្រះជន្មាយុយឺនយូរ បានបន្តគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ ចៅទួត ចៅលួត ជាដរាបរៀងទៅ។





ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីខ្ញុំម្ចាស់ចង់ចាំជានិច្ចនូវព្រះរាជលំអានដ៏ប្រសើរថ្លៃថ្លានៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានបូជាព្រះកាយពល បំពេញព្រះរាជកិច្ចដ៏ឧត្តុងឧត្តមយាងដង្ហែព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបូជនីយកិច្ចជាប្រវត្តិសាស្ត្រដ៏គួរឱ្យស្ញប់ស្ញែង ដើម្បីឯករាជ្យជាតិ បូរណភាពទឹកដីសុខសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពជាតិ ក្នុងគ្រប់វិស័យ ហើយដែលនេះជាព្រះគំរូវីរៈភាពនៃមាគ៌ាដឹកនាំដ៏ត្រចះត្រចង់គ្មានអ្វីប្រៀបផ្ទឹមបានឡើយ។ ដោយគារវកិច្ចភក្ដីដ៏ខ្ពង់ខ្ពស់បំផុត និងព្រះករុណាទិគុណយ៉ាងជ្រាលជ្រៅនោះ ក្នុងនាមប្រធានគណៈកម្មាធិការសាខា ព្រមទាំងសហការីនៃកាកបាទក្រហមកម្ពុជាខេត្តរតនគិរី សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គ្រប់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ ព្រះបារមីព្រះករុណាព្រះបរមរតនកោដ្ឋ ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម គោរគទេវី សូមជួយបីបាច់ថែរក្សាសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្រ្តខ្មែរ ជាកូនចៅ ចៅទួត របស់ព្រអង្គទូទាំងព្រះរាជាណាចក្រកម្ពុជាជារៀងដរាបរៀងទៅ៕