About Me

header ads

សម្ពោធដាក់ឲ្យប្រើប្រាស់ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុកមេមត់

( ត្បូងឃ្មុំ ):
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ  អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុកមេមត់ ពិតជាមានសារៈសំខាន់បំផុត ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែលឿន និងមានតម្លាភាពប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសទទួលរាល់ពាក្យបណ្តឹង និងជួយសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលារ ដោយមិនអស់កម្រៃ ជាចំណុចសំខាន់ ដែលពលរដ្ឋ ត្រូវការជាចំបាច់បំផុត ។



ឯកឧត្តមថ្លែងបែបនេះក្នុងពិធិសម្ពោធ ដាក់ឲ្យប្រើប្រាស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុកមេមត់ជាផ្លូវការ កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០ ក្នុងបរិវេណសាលាស្រុកមេមត់ ។ឯកឧត្តមបន្តទៀតថា យន្តការនៃច្រកចេញចូលតែមួយនេះ ដើម្បីផ្តល់សិទ្ធិសម្រេច និងការទទួលខុសត្រូវ កាន់តែច្បាស់ដល់ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាតំណាងរាជរដ្ឋាភិបាល នៅថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវារដ្ឋបាលចាំបាច់ចំនួន ១៤ វិស័យ ។



ឯកឧត្តមបន្ថែមទៀតថា ចំពោះការិយាល័យប្រជាពលរដ្ឋ គឺបង្កើតឡើង ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈ ការពង្រឹងតួនាទីភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការទទួល និងការសម្រុះសម្រួល ដោះស្រាយបណ្តឹង នៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធទៅ នឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពសំដៅ បង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ៕ សុខ ផន TV5 ត្បូងឃ្មុំ ។