About Me

header ads

ដំណាំតាង៉ែន ខេត្តត្បូងឃ្មុំ កំពុងទទួលផលគួរជាទីពេញចិត្ត និងមានគុណភាពខ្ពស់

( ត្បូងឃ្មុំ ):
ចំការតាង៉ែន របស់ក្រុមហ៊ុន អាន ម៉ាឌី មួយកន្លែង ស្ថិតនៅក្នុងភូមិកម្មករ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កំពុងតែទទួលផល  រយៈពេលបីឆ្នាំជាប់ៗគ្នា ដែលបានបម្រើឱ្យសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ក្នុងស្រុកអូររាំងឪ ក៏ដូចខេត្តត្បូងឃ្មុំទាំងមូល ក្នុងការទទួលទានផ្លែតាង៉ែនដែលមានសាច់ក្រាស់ ស្រួយ គ្រាប់តូចថែមទាំងមានឱជារសផ្អែមឆ្ងាញ់ពិសារពីធម្មជាតិពិតៗ គ្មានគីមី អាចជួយទ្រទ្រង់ ដល់សរីរាង្គនិងសុខភាពរបស់អ្នកហូបបានមួយផ្នែកទៀតផងដែរ ។
លោក សូត សម្ផស្សជាមេការ និងជាអ្នកបច្ចេកទេសចម្ការតាង៉ែនបានអោយឲ្យដឹងថា ចំការតាង៉ែន ដែលកំពុងទទួលផលខាងលើនេះ មានចំនួនជិត ៧ ពាន់ដើម ស្ថិតលើផ្ទៃដីទំហំ ៥០ ហិចតា ដាំរយៈពេល ៥ ឆ្នាំហើយ បានទទួលផលបីឆ្នាំជាប់គ្នាទាំងឆ្នាំនេះ ហើយក្នុងឆ្នាំនេះ ឲ្យផលល្អជាងឆ្នាំមុនៗ ។
អាចប្រមូលផល មានលក្ខណៈវិលជុំ បេះលក់ម្តងក្នុង ១ ហិចតា ប្រមូលផលបានមិនក្រោម ១ តោននោះទេ ។


ដំណាំតាង៉ែន ជារុក្ខជាតិមិនរើសដីទេ ប៉ុន្តែដីក្រហមវាឲ្យផលល្អជាងប្រដីខ្មៅ ដីស ដីឥដ្ឋ និងដីរបាយខ្សាច់ ។ យើងប្រើជីធម្មជាតិ NPK និងបាញ់ទឹករាល់ថ្ងៃ ស្រោចឲ្យជោគដើម និងដីព្រមទាំងមានការថែទាំ ដោយប្រើម៉ាស៉ីនជំរះស្មៅ ឲ្យបានស្អាតនៅក្រោមដើមរបស់វា ។
ចំពោះទីផ្សារល្អ គឺមាប្រជាពលរដ្ឋ ក្នុងស្រុកអូររាំងឪ ក្នុងខេត្តរបាននាំគ្នាមកទិញដល់ទីចំការតែម្តង ហើយយើងក៏បានបេះដាក់លក់នៅមុខចម្ការស្ថិតក្នុងភូមិ ឃុំ ស្រុក ខាងលើតាមដងផ្លូវជាតិលេខ ១១ ពេលបងប្អូនធ្វើដំណើរឆ្លងកាត់មកពី ទីក្រុងភ្នំពេញ ព្រៃវែង ស្វាយរៀង ក្រចេះ ស្ទឹងត្រែងផងដែរ ។



លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ឲ្យដឹងថា ខេត្តត្បូងឃ្មុំ មានចំការតាង៉ែនធំៗ ចំនួន ២ កន្លែង គឺចំការស្ថិតក្នុងស្រុកអូររាំងឪ ១ កន្លែង និង ១ កន្លែងទៀតស្ថិតក្នុងស្រុកតំបែរ សរុបទាំងជាលក្ខណៈគ្រួសារមានទំហំផ្ទៃដីជិត ៣០០ ហិចតា ។
លោក ប្រធានមន្ទីរបន្តទៀតថា ក្រុមហ៊ុន អាន ម៉ាឌី បានបន្ថែម ចំនួន ២២៥ ហិចតាបន្ថែមទៀត ក្នុងនោះ តាង៉ែន ២៥ ហិចតាឲ្យផលក្នុងពេលឆាប់នេះ ហើយចំការតាង៉ែនចំនួន ២០០ ហិចតាទៀតមានអាយុបាន ២ ឆ្នាំហើយ ពេលវាមានអាយុ ៣ ឆ្នាំ តាង៉ែនចាប់ប្រមូលផលជាបណ្តើរៗ ដូច្នេះ ពេលខាងមុខតាង៉ែនក្នុងស្រុកអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានមួយចំនួនធំផងដែរ សរុបចំការតាង៉ែនរបស់ក្រុមហ៊ុន អានម៉ាឌី មានចំនួន ២៧៥ ហិចតា ៕