About Me

header ads

ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួល

ភ្នំពេញ៖មានហេតុការណ៍មួយបានកើតឡើង បន្ទាប់ពីអ្នកភូមិបានប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះជួលមួយកន្លែងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។


តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះខាងលើនោះឈ្មោះ វ៉ាត សាវុទ្ធ អាយុ៤៤ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានស្រុកកំណើត ភូមិព្រាលទី២ ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង និងស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។



ប្រភពដដែលបានបន្តឲ្យដឹងទៀតថា កាលពីវេលាយប់ថ្ងៃទី២៨ ខែមិថុនា ក្រោយពីត្រឡប់មកពីដឹកម៉ូយវិញបុរសរងគ្រោះបានចតម៉ូតូកង់បីនៅមុខបន្ទប់បន្ទាប់មកបានចូលដេកជាធម្មតា ហើយក្រោយមកពុំមាននរណាបានដឹងថា បុរសនេះស្លាប់តាំងពីពេលណាមកឡើយ។លុះដល់វេលាព្រឹកថ្ងៃទី២៩ ខែមិថុនា មិនឃើញគាត់ក្រោកដូចរាល់ថ្ងៃ ហើយស្របពេលនោះមានរថយន្តដឹកសម្រាមបានចូលទៅយកសម្រាមហើយទើសម៉ូតូកង់បីរបស់គាត់ ទើបអ្នកជិតខាង ស្រែកហៅក្នុងបំណងឲ្យគាត់យកម៉ូតូកង់បីចេញដើម្បីឲ្យរថយន្តដឹកសម្រាមចូល តែមិនឮឆ្លើយក៏ចូលទៅមើលឃើញគាត់ដេកស្លាប់បាត់ទៅហើយ។ទើបរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះទៅពិនិត្យកោសល្យវិច័យ ហើយលទ្ធផលរកឃើញថាបុរសនោះស្លាប់ដោយសារខ្យល់គ ៕