បុរសម្នាក់បានលោតសម្លាប់ខ្លួនពីលើស្ពានអាកាសស្ទឹងមានជ័យដោយមិនដឹងមូលហេតុ

ភ្នំពេញ: បុរសម្នាក់បានរងរបួសធ្ងន់បាក់ដៃបាក់ជើង បន្ទាប់ពីលោតពីលើស្ពានអាកាស ស្ទឹងមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង ៣០នាទីយប់ ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យធ្លាក់ មកដល់ស្ពានក្រោមដី នៅក្នុងសង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលលោតពីលើស្ពានរាងធាត់សម្បុរខ្មៅស្រអែម ស្លៀកខោខូប៊យពណ៌ខៀវ ពាក់អាវដៃវែងកាឡាការ៉ូ កម្ពស់ប្រហែល ១ម៉ែត្រ៦០ទៅ៦៥មិនដឹងថារស់នៅទីណានោះទេមិនស្គាល់អត្តសញ្ញាណនៅឡើយ។




តាមសម្ដីបុរសម្នាក់ដែលគាត់ឃើញហេតុការណ៍បានប្រាប់ថាដំបូងឡើយ គាត់ឃើញបុរសរងគ្រោះខាងលើបានអឺត ពីលើស្ពានអាកាសស្ទឹងមានជ័យ មួយសន្ទុះក្រោយមកស្រាប់តែឃើញលោតចុះមកក្រោមធ្លាក់មកដល់ស្ពានក្រោមដី បាក់ដៃបាក់ជើងរងរបួសធ្ងន់ បង្កឲ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវឈប់មើលព្រោងព្រាត ។ ជនរងគ្រោះត្រូវបាន រថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យលោកសង្ឃដើម្បីសង្គ្រោះជីវិតផងដែរ។ ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុសម្រួលចរាចរណ៏ឲ្យប្រជាពលរដ្ឋធ្វើដំណើរនិងស្រាវជ្រាវរកសាចញាតិជនរងគ្រោះ ដើម្បីឲ្យដឹងពីមូលហេតុពិតប្រាកដ៕