តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ នាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃចំនួន ៤ វត្ត

( ត្បូងឃ្មុំ ): 
ឯកឧត្តម ប្រាជ្ញ ច័ន្ទ តំណាងរាស្ត្រ មណ្ឌលត្បូងឃ្មុំ និងជាប្រធានគណៈកម្មការទី ១ នៃរដ្ឋសភា និងលោកស្រី ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃចំនួន ៤ វត្ត រួមមាន វត្តក្បាលបឹងសេះ វត្តកណ្ដាល វត្តក្បាលអូរ និងវត្តទួលវិហារមានជ័យ ស្ថិតនៅឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ នៅក្នុងវត្តក្បាលបឹងសេះ ។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានលើកឡើងថា ប្រទេសជាតិយើងសព្វថ្ងៃនេះកំពុងតែមានការរីកចម្រើនជាលំដាប់ កំពុងកសាងលើគ្រប់វិស័យ ពិសេសវិស័យពុទ្ធចក្រ នេះដោយសារ តែប្រទេស មានសុខសន្ដិភាព ដែលបានមកពី ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងរឹងមាំពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។



ឯកឧត្តមបន្តថា ការចូលព្រះវស្សាគឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញត្តិឡើងដើម្បីឱ្យព្រះសង្ឃ សាវ័កគ្រប់ព្រះអង្គ ប្រតិបត្តិតាម ដែលមានរយៈពេល ៣ ខែ គឺចាប់ថ្ងៃ ១ រោច ខែអាសាធ ដល់ទី ១៥ កើត ខែអស្សុជ ។ ឯកឧត្តមបន្ថែមថា បុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេ បានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ ។



ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់ជំងឺឆ្លងដ៏កាច សាហាវកូវីដ១៩ ដោយបង្កើនការធ្វើអនាម័យដើម្បីសុខភាពរស់នៅឱ្យបានល្អ ជាពិសេសត្រូវពាក់ម៉ាស ឬក្រម៉ា និងត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំ ជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគ ត្រូវរក្សាគម្លាតពីគ្នា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់រលកទី ២ មេរោគកូវីដ១៩ នៅកម្ពុជា ។
សូមបញ្ជាក់ថា ចំពោះទេយ្យទានសម្រាប់ប្រគេនព្រះសង្ឃ ក្នុងមួយវត្តទទួលបាន ទៀនវស្សា ១ គូរ,អង្ករ ១០០ គីឡូក្រាម, មី ២ កេះ, ត្រីខ ២ យួរ, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ, ទឹកក្រូច ១ កេស, ទឹកដោះគោ ១០ កំប៉ុង, ទឹកសុទ្ធច១កេស, តែ ១០ កញ្ចប់, ស្ករស ១០ គីឡូក្រាម, សាដក់ ១១ កញ្ចប់ ក្នុងនោះព្រះចៅអធិការ ៤ អង្គ ក្នុង ១ អង្គរ ១០ ម៉ឺនរៀល, ព្រះសង្ឃ ៧ អង្គ ក្នុងមួយអង្គ ៥ ម៉ឺនរៀល ។
ព្រមទាំងប្រគេនបច្ច័យកសាងវត្តក្បាលបឹងសេះចំនួន ២.៥០០.០០០ រៀល និងវត្ត ៣ ទៀត ក្នុង ១ វត្តទទួលបានបច្ច័យកសាងចំនួន ១.៥០០.០០០ រៀលផងដែរ ៕