ការស្តារប្រឡាយធ្វើផ្លូវបើកកាណូតទូកនៅក្នុងភូមិឆ្នុកទ្រូលោកមេឃុំឆ្នុកទ្រូអះអាងថា នឹងធ្វើ អោយហើយមុនទឹកទន្លេឡើង ដើម្បីអោយទូកកាណូតប្រជាពលរដ្ឋបានបើកចូលមកទុកជិតភូមិដ្ឋាន

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរនៅផ្សារមាត់កំពង់ភូមិឆ្នុក ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានសំដែងការបារម្ភប្រាប់អ្នកយកព័ត៌មានយើងថា៖ ការស្ដារប្រឡាយធ្វើផ្លូវសំរាប់បើកទូកកាណូតរបស់អាជ្ញាធរឃុំឆ្នុកទ្រូ ពីផ្សារមាត់កំពង់ភូមិឆ្នុកទ្រូ ទៅកាន់ភូមិឆ្នុកទ្រូថ្មីដែលមានប្រវែងប្រមាណ១៥០០ម៉ែត្រមកដល់ពេលនេះ ធ្វើបានច្រើនហើយប៉ុន្តែមិនដឹងថា មុនពេលទឹកទន្លេឡើងមកក្នុងពេលឆាប់នេះអាចធ្វើរួចឬទេ  បើធ្វើមិនរួចទេនោះគឺពួកគាត់ពិតជាយ៉ាប់ទៀតហើយ ដោយមិនអាចបើកទូកកាណូតរបស់គាត់ទៅទុកដាក់ជិតភូមិដ្ឋានថ្មីបានឡើង  ព្រោះកន្លងមកពេញមួយឆ្នាំហើយដែលពួកគាត់បានទុកទូកកាណូតចោលនៅផ្សារមាត់កំពង់មាត់ទន្លេ ឆ្ងាយពីភូមិកំពុងរស់នៅ ។ ដូច្នេះពួកគាត់សុំសំណូមពរយ៉ាងតូចដល់លោកឃុំឆ្នុកទ្រូ មេត្តាជួយពន្លឿនការស្ដារប្រឡាយទឹកនេះអោយបានរួចរាល់ទាន់រដូវទឹកទន្លេឡើង ដើម្បីអោយប្រជាពលរដ្ឋបានបើកទូកកាណូតមកទុកដាក់នៅជិតភូមិដ្ឋានពួកគាត់ផងចុះ ដើម្បីកុំអោយមានការបាត់បង់ ឬលិចទឹកបាត់នៅក្នុងរដូវទឹកឡើង ។





ទាក់ទងនឹងក្តីព្រួយបារម្ភនេះ លោក សាំង គឹមស៊ន  មេឃុំឆ្នុកទ្រូ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ បាននិយាយអោយដឹងថា៖ ការពិតការស្តារប្រឡាយសំរាប់ធ្វើផ្លូវទឹកខាងលើនេះ គឺធ្វើបាន៨៥%ហើយ សព្វថ្ងៃក្រុមហ៊ុនគីរីឧត្តម ដែលជាអ្នកជួយស្តារប្រឡាយនេះ  បានទប់ទំនប់តូចដោយកន្លែង ដើម្បីទប់ទឹកកុំឲ្យភ្លៀងហូរចូលកន្លែងដែលកំពុងកកាយអាចម៌ដី ដើម្បីអោយគ្រឿងចក្រកកាយដីស្តារប្រឡាយបានស្រួលដឹកជញ្ជូនដីចេញតែប៉ុណ្ណោះ ។ ដូច្នេះបើទឹកទន្លេឡើងចូលមកគ្រឿងចក្រ សំរុកកាយទំនប់តូចៗនោះចោលតែ២,៣ថ្ងៃគឺនឹងរួចរាល់ហើយ  ដែលអាចអោយទូកកាណូតប្រជាពលរដ្ឋបើកចូលមកពីទន្លេតាមផ្លូវប្រឡាយនេះ ដើម្បីទុកដាក់ទូកកាណូតជិតភូមិបានហើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភអី ។ លោកមេឃុំឆ្នុកទ្រូ បានបញ្ជាក់ឲ្យដឹងទៀតថា៖ ប្រឡាយដែលកំពុងស្តារជារៀងរាល់ថ្ងៃនេះ មានប្រវែងប្រមាណ ១៤០០ម៉ែត្រ  មាត់លើមានប្រវែង៥០ម៉ែត្រ បាតក្រោមមានប្រវែង២០ម៉ែត្រ និងជំរៅមានប្រវែងពី៦ទៅ៨ម៉ែត្រ  ដើម្បីជួយសម្រួលក្នុងការធ្វើចរាចរណ៍តាមផ្លូវទឹគនៅក្នុងមូលដ្ឋាន ដែលក្រុមហ៊ុនគីរីឧត្តមជាដៃគូអភិវឌ្ឍន៍របស់ឃុំ ជាអ្នកជួយស្តារប្រឡាយនេះ ៕