About Me

header ads

ជិះម៉ូតូឌុបគ្នា២នាក់បងប្អូនទៅមើលជីដូនឈឺ ត្រូវរថយន្តដឹកដីបុកអូសពីក្រោយ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ ក្មេងស្រី២នាក់បងប្អូនបង្កើត ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២០ ឌុបគ្នាតាមដងផ្លូវ ត្រូវបានរថយន្តហ៊ីយ៉ាន់ដាយ ដឹកដី បុកពីក្រោយអូសដួលបោកក្បាលស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទី ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចខាងលិចរង្វង់មូលនាងគួរស្រូវ លើផ្លូវ២១៧កែងផ្លូវ១០៤ ក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់បងប្អូនខាងលើ ទី១ឈ្មោះ ភឿន ស្រីរត្ន័ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ បុគ្គលិកហាង មានទីលំនៅក្នុងភូមិតាងួន ឃុំពម៉ារៀល ស្រុកបសេដ្ឋ​ ខេត្តកំពង់ស្ពឺ (រងរបួសធ្ងន់សម្រាកព្យាបាលនៅគ្លីនិកឯកជនសួគ៌ា ជាអ្នកឌុប) និងទី២ឈ្មោះ ភឿន ស្រីកា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរបុគ្គលិកហាង​ ជាប្អូននិងជាអ្នកជិះនៅខាងក្រោយ ស្លាប់បាត់បង់ជីវិតនៅកន្លែងកេីតហេតុ ។ ចំណែកអ្នកបេីកបររថយន្តបង្ក មានឈ្មោះ ចឹក ធូ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបេីកបររថយន្ត មានទីលំនៅក្នុងភូមិអង្គខ្ជាយ​ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកដី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-2803​ និងម៉ូតូHONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AI-6655 បេីកបរស្របទិសគ្នាពីកេីតទៅលិច លុះដល់ចំណុចកើតហេតុ រថយន្តបេីកបរលឿនខ្វះការប្រុងប្រយ័ត្ន ក៏ទៅបុកពីក្រោយម៉ូតូពេញទំហឹង បណ្ដាលអោយដួលបោកអូស បែកក្បាលស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅគ្លីនិកសួគ៌ា តែម្ដង រីឯម៉ូតូរងការខូចខាត។


ក្រោយកើតហេតុ នគរបាលចរាចរណ៍ខណ្ឌដង្កោ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង ប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ។ ចំណែកអ្នកបើកបររថយន្តបង្ករនិងវត្ថុតាង ត្រូវបានប្រគល់ទៅឲ្យការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ៕