About Me

header ads

អាជ្ញាធរខេត្តប៉ៃលិន បើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូចំនួន ៣ខ្សែរ និងផ្លូវបេតុង ១ខ្សែរ នៅក្នុងក្រុងប៉ៃលិន

ប៉ៃលិន៖ ដើម្បីឆ្លើយតបតាមតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ចំនួន ៣ខ្សែរ និងផ្លូវបេតុង ១ខ្សែរ សរុបប្រវែង ១៩៩០ម៉ែត្រ ស្ថិតនៅក្នុងភូមិបរឌិននៀវ និងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ នយោបាយឈ្នះ ឈ្នះ របស់សម្តេចជោ សែន បាននាំមកនូវសន្តិភាពនៅទូទាំងប្រទេស ដូច្នេះសន្តិភាពនេះហើយ គឺបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសរស់នៅដោយសុខសាន្ត ដោយចូលរួមអបអរសាទរ និងកំសាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់ ជាពិសេសបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសរាជ រដ្ឋា ភិបាល កម្ពុជា បានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ជាក់ស្តែងដើម្បីឆ្លើយទៅនឹង សំណូមពររបស់ប្រជាពលរដ្ឋ អាជ្ញាធរខេត្ត បានចាប់ផ្តើមបើកការស្ថាបនាផ្លូវក្រាលកៅស៊ូចំនួន ៣ខ្សែរ និងផ្លូវបេតុង ១ខ្សែរ ហើយផ្លូវនេះគឺមានតួនាទីជួយសម្រួលបានមួយកម្រឹត ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅសិក្សារបស់ក្មួយៗសិស្សានុសិស្សផងដែរ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានជំរុញដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ជាពិសេសមេឃុំ/ចៅសង្កាត់ និងមេភូមិ ដែលនៅគៀកផ្ទាល់នឹងមូលដ្ឋាន ត្រូវខិតខំបំពេញការងាររបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវ៉ាសាធារណៈនានាជូនប្រជាពលរដ្ឋ និងត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់និងឆាប់រហ័ស។

សូមបញ្ជាក់ថា៖ ផ្លូវដែលអាជ្ញាធរខេត្ត បើកការដ្ឋាស្ថាបនានាពេលនេះ គឺមានប្រវែង ១៩៩០ម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូចំនួន ៣ខ្សែរ ប្រវែង១៦៩០ម៉ែត្រ និងផ្លូវបេតុង ០១ខ្សែរ ប្រវែង ៣០០ម៉ែត្រ ស្ថិតក្នុងភូមិបរឌិននៀវ និងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្ត ៕



ដោយ ៖ នីយ៉ា