About Me

header ads

ដំណាំប័រ ប្រជាកសិករមួយកន្លែងក្នុងខេត្តកំពង់ឆ្នាំង កំពុងទទួលផលគួរជាទីពេញចិត្ត

កំពង់ឆ្នាំង៖ ចំការប័ររបស់ប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅក្នុងភូមិរលាបគុយ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កំពុងតែទទួល ផល រយៈពេលពីរឆ្នាំជាប់គ្នា ដែលបានបម្រើឱ្យសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ក្នុងស្រុកទឹកផុសទាំងមូល ក្នុងការទទួលទានផ្លែប័រ ដែលមានឱជារសឆ្ងាញ់ពិសាពីធម្មជាតិពិតៗ និងជួយទ្រទ្រង់ដល់សេរីរាង្គនិងសុខភាពរបស់អ្នកហូបបានមួយផ្នែកផងដែរ។


បងស្រី ហង្ស សេងហ៊ុន ដែលជាម្ចាស់ចម្ការបានរៀបរាប់ឲ្យដឹងថា ចំការប័ររបស់គាត់ដែលកំពុងទទួលផលខាងលើនេះ មានចំនួនជាង២០០ដើម និងមានពូជចំនួន៤ប្រភេទ គឺបងស្រីបានទទួលផលពីរឆ្នាំជាប់គ្នាមកហើយ ដោយផ្លែលើកទីមួយ គាត់បេះក្នុងមួយលើកៗបានចំនួនប្រមាណជាង១០០ គីឡូក្រាម គឺបេះវិលជុំជារៀងរាល់ថ្ងៃ លើកទី២ បេះក្នុងមួយសប្ដាហ៍ម្ដង។

ហើយផ្លែប័រ របស់គាត់ដែលកំពុងតែទទួលផលនេះ គឺចាប់ផ្ដើមបេះតាំងពីខែ៨ឆ្នាំ ២០១៩មកម្ល៉េះ មកដល់ពេលនេះគឺមានរយៈពេល១០ ខែមកហើយ គឺនៅតែមានផ្លែបេះរហូតជារៀងរាល់សប្តាហ៍។

បងស្រីបន្តថា នៅថ្ងៃខាងមុខនេះបងស្រីនឹងបន្តពង្រីក ការដាំដើមប័រនេះ ជាបន្ថែមទៀតដោយសារតែបងស្រី បានចេះចាំនិងមានបទ ពិសោធន៍ ក្នុងការដាំដើមប័រឱ្យមានប្រសិទ្ធ ភាព និងទទួលផលបានល្អ សំខាន់គឺការថែ ទាំ ក៏ដូចជាការប្រើជីសេរីរាង្គ គឺជីកំប៉ុស ដែលធ្វើឱ្យដើមរបស់វាមានសុខភាពល្អក៏ដូចជាឆាប់បានទទួលផល ក្នុងរយៈពេល ៣ឆ្នាំតែប៉ុណ្ណោះ។

ជាក់ស្ដែងដំណាំប័ររបស់បងស្រីបច្ចុប្បន្ននេះគឺក្នុងដើមនីមួយៗមានសុខភាពល្អមិនមានដង្កូវស៊ី ឬក៏សត្វល្អិតផ្សេងៗមកបំផ្លាញស្លឹកឬដើមរបស់វានោះឡើយ ពោលគឺមានការរីកធំធាត់រហ័សបានទទួលផល រីឯផ្លែរបស់វាវិញសព្វថ្ងៃទម្ងន់ផ្លែ ក្នុងមួយគីឡូក្រាមស្មើនិង២ ផ្លែ  ឬក៏៣ផ្លែ ទៅ៤ផ្លែតែប៉ុណ្ណោះ ហើយក្នុងមួយគីឡូក្រាមបងស្រីលក់បានក្នុងតម្លៃ ១៣.០០០រៀល  សព្វថ្ងៃនេះបង ស្រីមិនពិបាកដើរលក់ ឬក៏យកទៅបោះឱ្យម៉ូយនៅតាមទីផ្សារនោះទេ គឺមានអតិថិជនមកកុម៉្មង់ទិញតាមអនឡាញជារៀងរាល់ថ្ងៃផងដែរ ដោយសារតែផ្លែប័ររបស់បងស្រីទាំង៤ប្រភេទ នេះ គឺមានរសជាតិឆ្ងាញ់ខុសពីផ្លែប័រដ៍ទៃ ដែលមិនមានរសជាតិល្វីងនោះឡើយ  គឺអាចបេះចេញពីដើមយកមកបកហូបបានភ្លាមផងដែរ។

សព្វថ្ងៃបងស្រីក៏មានបណ្ដុះកូនដើមប័រ សម្រាប់លក់ជូនអតិថិជនដែលត្រូវការជាវយកដើមប័រទៅដាំបន្ត ទៅតាមចំកាដែលមានទំហំផ្ទៃដី តូចឬធំ តាមសេចក្តីត្រូវការរបស់អតិថិជន ហើយអតិថិជន ដែលបានមកជាវកូនប័រពីបងស្រីនិងបានទទួលការបង្ហាត់ បង្រៀនបច្ចេកទេស នៃការដាំដុះ និងការថែរទាំ ក៏ដូចជាក្នុងការប្រើប្រាស់ជីសេរីរាង្គ រួមទាំងរង់ចាំទទួលប្រឹក្សាយោបល់ ជូនបងប្អូនរយៈពេលបីឆ្នាំដោយចាប់ផ្ដើមពីការដាំរហូត ដល់ពេលបានទទួលផលផងដែរ ៕

ដោយសុក្ខារិន