About Me

header ads

ស្រះទឹកឈូកឆក់យកជិវិតក្មេងស្រី ២នាក់ ខណៈចុះងូតទឹក និងហែលបេះផ្លែឈូក

ភ្នំពេញ៖ ក្មេងស្រី២នាក់បងប្អូនជីដូនមួយនិងគ្នាបានស្លាប់បាត់បង់ជីវិតគួរឲ្យសង្វេគបំផុត ខណៈដែលពួកនាងតាមជីដូនទៅស្រែ លុះពេលទៅដល់ច្រើនម៉ោងក្រោយមកបានសុំលាជីដូនត្រឡប់មកផ្ទះមុន ប៉ុន្តែមិនទាន់ដល់ផ្ទះផងពួកនាងបាននាំគ្នាចុះងូតទឹកនិងហែលបេះផ្លែឈូកនៅក្នុងស្រះទឹកមួយកន្លែងជម្រៅជាង៥ម៉ែត្រ ហើយជាអកុសលផុតជើងផុតដៃក៏លង់ទឹកស្លាប់ទាំង២នាក់តែម្ដង។ចំណែកក្រុមគ្រួសារក្រោយពីរាវរកឃើញសាកសពមិនអស់ចិត្តបានដឹកយកទៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួលដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែពេលទៅគ្រូពេទ្យបានប្រាប់ថាស្លាប់ទៅហើយទើបដឹកត្រឡប់មកផ្ទះវិញធ្វើបុណ្យតាមប្រពៃណី។

ហេតុការណ៍នោះបានបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅស្រះឈូក ក្នុងភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល ។ ក្មេងស្រីរងគ្រោះទាំង២នាក់នោះ ទី១,ឈ្មោះ វុទ្ធី វត្តី អាយុ១១ឆ្នាំ ទី២,ឈ្មោះ សើ កែវរក្សា អាយុ៩ឆ្នាំ ពួកនាងគឺជាសិស្សរៀននៅសាលាអង្គបឹងចក និងស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមសាច់ញាតិបានប្រាប់ថា នៅមុនពេលកើតហេតុ ក្មេងទាំង២នាក់បងប្អូនរួមជាមួយនិងក្មេងប្រុស១នាក់ទៀត បាននាំគ្នាតាមជីដូនទៅស្រែ លុះដល់ពេលកើតហេតុពួកគេបានសុំជីដូនទៅផ្ទះមុន ហើយក្រោយពេលដើរទៅដល់ ស្រះឈូកខាងលើក្មេងស្រី២នាក់នោះ បានចុះងូតទឹកនិងហែលបេះផ្លែឈូក។ប៉ុន្តែជាអកុសលផុតជើងផុតដៃក៏លង់លិចបាត់ទៅក្នុងទឹក ចំណែកក្មេងប្រុសមិនបានចុះងូតទេហើយបាននៅអង្គុយចាំលើគោក លុះឃើញក្មេងស្រីទាំង២នាក់លង់លិចបាត់បែបនេះ ក្មេងប្រុសរូបនោះបានរត់ទៅតាមហៅជីដូនឲ្យមកជួយ។ដែលជាហេតុបង្កការភ្ញាក់ផ្អើលដល់អ្នកស្រុកនាំគ្នាចុះរាវស្រង់ឡើងគោកបានទាំង២នាក់រួច នាំទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល ដើម្បីសង្រ្គោះបន្ទាន់ តែគ្រូពេទ្យប្រាប់ថាពួកនាងបានស្លាប់បាត់ហើយទើបដឹកវិលត្រឡប់មកផ្ទះវិញរៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕