About Me

header ads

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យសកម្មភាពឆ្កឹះសោបន្ទប់បានម្នាក់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់សកម្មខាងដើរឆ្កឹះសោបន្ទប់លួចទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ចាប់ខ្លួនបាន ខណៈដែលទៅធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួលចំណុចភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នេះ ។


ជនសង្ស័យឈ្មោះ ពេជ្រ ចន្ទ្រា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតភូមិបល័ង្គ ឃុំវត្តពោធិ៍ ស្រុកសង្កែ ខេត្តបាត់ដំបង ។ សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FX-9174 ដែកសរសៃសម្រាប់ឆ្លឹះសោ កូនសោមួយចង្កោម ។


តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា រូបគេធ្លាប់ធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួលរបស់កម្មករ នៅក្នុងភូមិអូរដឹម សង្កាត់ចោមចៅ៣ ចំនួន២លើកមកហើយ លួចបានលុយ ទ្រព្យសម្បត្តិ លុះមកដល់រសៀលថ្ងៃទី២២នេះ ជិះម៉ូតូមកប៉ុនប៉ងធ្វើសកម្មភាពនៅក្នុងភូមិអូរដឹម ត្រូវបានប្រជាពលរដ្ឋស្គាល់មុខ រាយការណ៍សមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង ។


តាមនគរបាលបានឲ្យដឹងថា សមត្ថកិច្ចបានទទួលបណ្តឹងជនរងគ្រោះចំនួន២ដងមកហើយ ជុំវិញករណីចោរកម្ម ឆ្កឹះសោបន្ទប់ជួល លុះមកដល់រសៀលថ្ងៃនេះ ខណៈដែលជនសង្ស័យជិះម៉ូតូចូលដល់ក្នុងភូមិ ស្គាល់មុខសញ្ញា ដោយផ្អែកតាមកាមេរ៉ាសុវត្តិភាព ពលរដ្ឋរាយការណ៍មកសមត្ថកិច្ច ចុះទៅចាប់ឃាត់ខ្លួនបានជនសង្ស័យ រកឃើញឧបករណ៍ឆ្កឹះសោ ។ជនសង្ស័យត្រូវបានឃាត់ខ្លួន សាកសួរនៅប៉ុស្តិ៍ចោមចៅ៣ រួមជាមួយវត្ថុតាង ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌ ចាត់ការបន្តតាមនីតិវិធី ៕