About Me

header ads

បុរសចំណាស់បរទេះគោត្រឡប់មកពីធ្វើស្រែវិញត្រូវរន្ទះបាញ់ស្លាប់ សត្វគោងាប់៤ក្បាលនៅស្រុកបសេដ្ឋ

ខេត្តកំពង់ស្ពឺ៖បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងសត្វគោចំនួន០៤ក្បាលបានងាប់ដោយសារតែមេឃធ្លាក់ភ្លៀង លាយឡំជាមួយផ្គរ ស្រាប់តែរន្ទះបាញ់នៅពេលដែលបុរសវ័យចំណាស់រូបនោះត្រឡប់មកពីធ្វើស្រែចំការវិញ កាលពីវេលាម៉ោង៥និង ៣០នាទីល្ងាចថ្ងៃ២១ ខែមិថុនា ឆ្នាំ២០២០ស្ថិតនៅត្រង់ចំណុចខាងត្បូងភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។



តាមការអោយដឹងពីនគរបាលស្រុកបសេដ្ឋថានៅមុនពេលកើតហេតុបុរសវ័យចំណាស់ខាងលើបានបរទេះគោទៅភ្ជួររាស់ដីស្រែរបស់គាត់តាំងពីបាយថ្ងៃត្រង់ហើយម្លេះ(ដោយរដូវវស្សាមកដល់) ពេលភ្ជួររាស់បានបន្តិច មេឃក៏ប្រែជាខ្មៅងងឹត រូបគាត់(បុរសវ័យចំណាស់រងគ្រោះ)បានដើរទៅប្រមូលយកសម្ភារៈ ដឹកគោទឹមរទេះ ហើយថែមទៅដឹកគោចំនួន២ក្បាលពីក្រោយរទេះថែមទៀតផង មេឃក៏បង្អុរភ្លៀងយ៉ាងខ្លាំងពេលគាត់ធ្វើដំណើរបានពាក់កណ្តាលវាលស្រែ ស្រាប់តែចៃដន្យអាក្រក់ ជួបគ្រោះធម្មជាតិ រន្ទះបាញ់បាញ់ផ្តាច់ជីវិតរបស់គាត់និងសត្វគោឈ្មោលចំនួន០៤ក្បាល។តាមការបញ្ជាក់ពីនគរបាលថាករណីខាងលើនេះចម្ងាយពីភូមិប្រមាណជា១គីឡូម៉ែត្រ។



ជនរងគ្រោះមានឈ្មោះ មាស ជ្រុន ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរជាកកសិករ ខណៈដែលកំពុងតែបរទេះគោមកពីស្រែវិលត្រឡប់ទៅផ្ទះវិញ។ ក្រោយកើតហេតុដោយបាត់ប្តី បាត់ឪពុកមិនឃើញត្រឡប់មកផ្ទះវិញ សាច់ញាតិតាមរកស្រាប់តែឃើញបុរសវ័យចំណាស់ដេកស្លាប់ និងសត្វគោ៤ក្បាលងាប់រណូករណែលតាមភ្លឺស្រែ គួរអោយអនិច្ចា។បន្ទាប់មកបានរាយការណ៍ទៅសមត្ថកិច្ច មូលដ្ឋានដើម្បីចុះពិនិត្យ ឃើញពិតជាស្លាប់ដោយគ្រោះធម្មជាតិពិតមែនប្រគល់សពអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។សមត្ថកិច្ចបានធ្វើការស្នើសុំសូមបងប្អូនលោកពូអ្នកមីងអ្នកធ្វើស្រែចម្ការត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះរដូវវស្សា ហើយគ្រោះធម្មជាតិតែងតែកើតមាន រន្ទះបាញ់តែម្តង៕