About Me

header ads

សមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀងបានរៀបចំប្រារព្ធខួបលើកទី១៣ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃពុធ ១២រោច  ខែជេស្ឋ  ឆ្នាំជូត  ព.ស  ២៥៦៤  ត្រូវនឹងថ្ងៃទី១៧  ខែមិថុនា  ឆ្នាំ២០២០  មន្ទីរសង្គមកិច្ច  អតីតយុទ្ធជន  និងយុវនីតិសម្បទាខេត្តស្វាយរៀង  សហការជាមួយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង  បានរៀបចំប្រារព្ធខួបលើកទី១៣  ទិវាអតីតយុទ្ធជនកម្ពុជា  ២១  មិថុនា  ២០០៧  -  ២១  មិថុនា  ២០២០  ក្រោមអធិបតីភាពឯកឧត្តម  ម៉ែន  វិបុល  អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស  ស.អ.ក  ខេត្តស្វាយរៀង។



មានប្រសាសន៍នៅក្នុងឪកាសនោះឯកឧត្តមអភិបាលខេត្តបានសម្ដែងនូវការអរគុណចំពោះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលបានសហការរៀបចំពិធី នេះឡើង ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ជាការរួមចំណែកក្នុងការរំឭកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនទាំងអស់ដែលបានពលិកម្មយ៉ាងអង់អាចក្លាហានកាលពីអតីតកាល ដើម្បីបុព្វហេតុជាតិមាតុភូមិមានសុខសន្តិភាព និងការអភិវឌ្ឍ។



ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនយើងទាំងអស់ ៖១. ត្រូវថែរក្សាសុខភាពអនាម័យខ្លួនប្រាណ លាងដៃ ជាមួយសាប៊ូ អាល់កុល ឬជែល គ្រប់ពេលវេលា ដើម្បីបញ្ចៀសឲ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។២. បន្តចូលរួមថែរក្សា ការពារនូវសុខសន្តិភាព និងការអភិវឌ្ឍដែលរកបានដោយលំបាករបស់ សម្ដេចប្រមុខរាជរដ្ឋាភិបាល និងកំពុងមានសព្វថ្ងៃឲ្យបានគង់វង្សជារៀងដរាប។ ៣. ចូលរួមឲ្យបានគ្រប់សកម្មភាពនៅឯមូលដ្ឋាន ពិសេសគឺចលនា ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីបង្កលក្ខណៈរស់នៅប្រកបដោយសុខុដុមរមនាក្នុងមូលដ្ឋានរបស់យើង។៤. សូមជួយអប់រំណែនាំកូនចៅចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។៥. សូមមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗជាពិសេសរន្ទះ និងខ្យល់កន្ត្រាក់ជាដើម។



ដោយឡែក អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី និងសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ត្រូវបន្តបង្កើនសកម្មភាពក្នុងការជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនរបស់យើង ជាពិសេសនៅពេលមានតម្រូវការ និងបញ្ហាដែលត្រូវជួយដោះស្រាយ ជាក់ស្ដែងក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលបងប្អូនអតីតយុទ្ធជនដែលរងប៉ះពាល់ ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ។ ចុងបញ្ចប់នៃពិធីនេះឯកឧត្តមអភិបាលខេត្តបានផ្តល់ជូននូវអំណោយដល់អតីតយុទ្ធជនក្នុងម្នាក់ៗទទួលបាន ក្រម៉ា១ ឃីត១កញ្ចប់ និងថវិកាចំនួន៤០,០០០រៀល(បួនម៉ឺនរៀល) ផងដែរ។