About Me

header ads

ការប្រកួតលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២០ ដំណើរការឡើងវិញ នៅដើមខែកក្កដាខាងមុខនេះ

ការប្រកួតលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២០ ដំណើរការឡើងវិញ នៅដើមខែកក្កដាខាងមុខនេះ 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ថ្មីៗនេះ ពាក់ព័ន្ធនឹងការអនុញ្ញាតិឱ្យមានការប្រកួតបាល់ទាត់ឡើងវិញ តែមិនអនុញ្ញាតិឱ្យមានទស្សនិកជនចូលក្នុងទីលានបាល់ទាត់ ហើយនិងស្មារតីអង្គប្រជុំគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ជាមួយនឹងតំណាងក្លិបទាំង១៣ កាលថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ អំពីការត្រៀមលក្ខណៈបច្ចេកទេសរៀបចំការចាប់ផ្តើមឡើងវិញ ហើយក៏មានការចូលរួមដោយក្រុមការងារបច្ចេកទេសពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ បានសម្រេចបើកដំណើរការការប្រកួតឡើងវិញ ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ត្រូវចាប់ផ្ដើមពីថ្ងៃទី៣០ និងថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី២៩ ខែកក្កដា មុនចាប់ផ្ដើមប្រកួតថ្នាក់ជាតិ ពីថ្ងៃទី១២ និង១៣ ខែសីហា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។


ចំពោះក្របខណ្ឌ ការប្រកួតលីគកំពូលកម្ពុជា រដូវកាល២០២០ ឡើងវិញចាប់ពីថ្ងៃទី០៤ និងទី០៥ ខែកក្កដាឆ្នាំ២០២០តទៅ។ សម្រាប់ជើងទីមួយនឹងបន្តពីសប្ដាហ៍ទី៦ ហើយគ្រោងបញ្ចប់នៅថ្ងៃទី១២ និងទី១៣ ខែកញ្ញា មុនចាប់ផ្ដើមជើងទីពីរពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី២៤ និង២៥ ខែតុលា ឆ្នាំ២០២០។


គួរដឹងដែរថា ការប្រកួតលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២០  និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត បានផ្អាកការប្រកួតជិត ៣ខែមកហើយ ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ–១៩។  លីគកំពូលកម្ពុជា មុនសម្រាកគឺបានដំណើរការប្រកួតបាន៥សប្ដាហ៍ ហើយមានក្លិប២ កំពុងឈរលំដាប់កំពូលតារាងដោយមាន ១៣ពិន្ទុស្មើគ្នា រួមមានអតីតក្រុមជើងឯក ៦សម័យភ្នំពេញក្រោន និងក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ក្រោយឆ្លងកាត់ ៥ប្រកួតឈ្នះ៤ និងស្មើ ១ប្រកួត ដូចគ្នា។ រីឯពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន វិញគឺបានបញ្ចប់ការប្រកួតវគ្គជម្រុះតាមពូល និងរកឃើញបេក្ខភាពវគ្គ ៨ក្រុមចុងក្រោយសម្រាប់ពានថ្នាក់ខេត្ត រួមមានខេត្តតាកែវ ខេត្តសៀមរាប ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង និងខេត្តកោះកុង៕