About Me

header ads

ក្មេងស្រី 2 នាក់បងប្អូនដើររើសខ្យងនៅពេលភ្លៀងធ្លាក់បណ្ដាលឲ្យលង់ទឹកស្លាប់

កំពង់ឆ្នាំង: ក្មេងស្រី 2 នាក់បងប្អូនបង្កើតបាននាំគ្នាដើររើសខ្យងនៅក្នុងស្រែគ្រាដែលដែលមេឃកំពុងធ្លាក់ភ្លៀងបណ្ដាលឲ្យធ្លាក់ចូលទៅក្នុងរណ្ដៅដែលគេជីកយកដីលង់ទឹកស្លាប់ទាំងពីរនាក់បងប្អូនតែម្ដង ។ ហេតុការណ៍ដ៍រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១០ ខែមិថុនាឆ្នាំ2020 ម្សិលមិញដែលស្ថិតនៅភូមិ ខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ 
សមត្ថកិច្ចនគបាលមូលដ្ឋានឃុំសែបបានអោយដឹងតាមរយះទូរសព្ទនៅវេលាម៉ោង៨និង៤០នាទីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះថា ក្មេងស្រីទាំង២នាក់បងប្អូនបង្កើតមានឈ្មោះ
ទី1 ឈ្មោះ ស៊ឹម តីសៈ អាយុ10ឆ្នាំ។ ទី2 ឈ្មោះ ស៊ឹម នីតា អាយុ7ឆ្នាំ អ្នកទាំងពីរនាក់ជាខ្មែរឥស្លាមមានទីលំនៅភូមិឃុំស្រុកកើតហេតុខាងលើ មានឪពុកឈ្មោះ សានស៊ឹម អាយុ៣៨ឆ្នាំ ធ្វើការនៅរោងចក្រ ម្តាយឈ្មោះ សេន ស្រង់ អាយុ៣៨ឆ្នាំ ធ្វើការនៅប្រទេសជប៉ុន មានកូនស្រីតូច២នាក់រស់នៅជាមួយឪពុក ។




ប្រភពពីប្រជាពលរដ្ឋដែលត្រូវជាសាច់ញ្ញាតិឈ្មោះ ជ័យ ម៉ាន បានអោយដឹងថា នៅមុនពេលកើតហេតុមានមេឃភ្លៀងធ្លាក់ខ្លាំង២នាក់បងប្អូនបាននាំគ្នាដើររើសខ្យងនៅតាមវាលស្រែក្រោយមកជីតាបានហៅអោយត្រឡប់មកផ្ទះវិញ ។ ប្រភពខាងលើដដែលបានអោយដឹងទៀតថាមិនដឹងយ៉ាងម៉េចក្មេងស្រី២នាក់បងប្អូនបានចេញទៅដើររើសខ្យងម្តងទៀតរហូតដល់ឪពុកត្រឡប់មកពីធ្វើការវិញបាត់កូន ដើររកកូនស្រីទាំង២មិនឃើញសោះគាប់ជួនពេលភ្លៀងមានប្រជាពលរដ្ឋចេញទៅបង់សំណាញ់តាមរណ្ដៅដែលគេជីកយកដីនិងបានបង់សំណាញ់ក្នុងរណ្ដៅនៅពេលទាញឡើងមកវិញស្រាប់តែជាប់សពក្មេងស្រីទាំងពីរដែលធ្លាក់រណ្ដៅលង់ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលឡើងភ្លាមៗផងដែរ ។​ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យនិងបានបញ្ជាក់ថាក្មេងស្រីពិតជាបានលង់ទឹកស្លាប់ទាំងពីរនាក់ពិតប្រាកដមែន ។ បច្ចុប្បន្នសាកសពក្មេងស្រីរងគ្រោះទាំងពីរនាក់ត្រូវបានឪពុកម្ដាយសាច់ញាតិតម្កល់ទុកនូវលំនៅដ្ឋានពេលបីថ្ងៃទើបបានរៀបចំធ្វើបុណ្យតាមប្រពៃណីបែបសាសនាខ្មែរឥស្លាមផងដែរ ។



តាមរយៈករណីខាងលើនេះដែរក៏សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឪពុកម្ដាយត្រូវយកចិត្តទុកដាក់មើលថែទៅលើកុមារតូចៗធ្វើយ៉ាងណាកុំឲ្យដើរលេងឆ្ងាយពីខ្លួនជៀសវាងខ្លាចកើតមានករណីដូចខាងលើនេះផងដែរ ៕