About Me

header ads

ឃាត់ជនសង្ស័យម្នាក់,រត់រួចម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅអរិយក្សត្រ

កណ្តាល ៖ ជនសង្ស័យម្នាក់ចំណោម២នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងករណីជួុញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃ ចន្ទទី២៥ ខែ ឧសភា ឆ្នាំ ២០២០ នៅចំណុចក្រុមវៀតណាម ស្ថិតនៅភូមិអរិយក្សត្រ ឃុំ អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។



ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់ឃាត់ខ្លួនម្នាក់និងរត់គេចខ្លួនម្នាក់រួមមាន ១-ឈ្មោះ ចាន់ រស្មី  ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល(ប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួន)និង២-ឈ្មោះ ព្រឿង គង់ ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ ចុងភៅ ទីលំនៅភូមិ អរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល(ជួញដូរគ្រឿងញៀន រត់គេចខ្លួន)។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក)ចំនួន០៤កញ្ចប់តូចនិងសម្ភារ:សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
   

ប៉ូលិសបន្តថា ដោយមានបណ្តឹងផ្ទាល់មាត់ពីឈ្មោះ ឃ្លាំង ស៊ីមន ប្រាប់ដល់ប៉ូលិសប៉ុស្តិ៍អរិយក្សត្រថា ឈ្មោះ ព្រឿង គង់ដែលត្រូវជាប្តីបានប្រើប្រាស់គ្រឿងញៀននិងប្រើហឹង្សាមកលើខ្លួន ភ្លាមៗនោះកម្លាំងប៉ូលិសប៉ុស្តិ៍ អរិយក្សត្របានទៅជួយអន្តរាគមន៍ក៏ឃើញ ឈ្មោះ ចាន់ រស្មី កំពុងអង្គុយនិយាយគ្នាជាមួយ ឈ្មោះ ព្រឿង គង់ ក្បែរផ្ទះ សមត្ថកិច្ចក៏បានបង្ក្រាបតែត្រូវជនសង្ស័យទាំង០២នាក់រត់គេចខ្លួន តែកម្លាំងប៉ូលិសតាមចាប់បានម្នាក់ គឺឈ្មោះ ចាន់ រស្មី ហើយបានត្រួតពិនិត្យបន្ទប់ដេករបស់ឈ្មោះ ព្រឿង គង់តាមការបង្ហាញរបស់ម្ចាស់ផ្ទះដែលត្រូវជាប្រពន្ធរបស់ឈ្មោះ ព្រឿង គង់ ឃើញមាន ថ្នាំញៀនចំនួន៤កញ្ចប់តូច និង សម្ភារ:សម្រាប់ប្រើប្រាស់មួយចំនួនទៀត។
     

នៅចំពោះមុខសមត្ថកិច្ច ,ជនសង្ស័យឈ្មោះ ចាន់ រស្មី បានឆ្លើយសារភាពថា ខ្លួនបានមកជួបឈ្មោះ ព្រឿង គង់ ហើយសុំបារីជក់ គាត់សួរថាយកថ្នាំញៀនទេ? ។ជនសង្ស័យឆ្លើយថា មានតែមួយម៉ឺនរៀលទេ ឈ្មោះ គង់ឆ្លើយថាមិនលក់ទេមួយម៉ឺនរៀលនោះ។ ជនសង្ស័យ ក៏ដើរចេញសមត្ថកិច្ចក៏បានទៅដល់តែឈ្មោះគង់ក៏បានរត់គេចខ្លួនបាត់ ។​ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានរក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកល្វាឯមដើម្បីចាត់ការតាមនីតិវិធី ៕