About Me

header ads

ចុះអនុវត្តដិកាឃាត់រថយន្ត២គ្រឿង តែម្ចាស់រថយន្តអះអាងថា មានដីការក្សាការពារពីតុលាការរាជធានីភ្នំពេញ

ខេត្តបាត់ដំបង ៖ តំណាងអាជ្ញាសាលា នៃសាលាដំបូងខេត្តបាត់ដំបង បានដឹកនាំកម្លាំងសមត្ថកិច្ច នៃអធិ ការ ដ្ឋាននគរបាលស្រុកកំរៀង ចុះឃាត់រថយន្តចំនួន ២គ្រឿង តាមសាលដីការបស់សាលាឧទ្ធរណ៍ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវ ជាតិលេខ៥៩ ក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្ត បាត់ដំបង ។ តែចំណែកម្ចាស់រថយន្ត ក៏បានបង្ហាញឯកសាររក្សាការពារ រថយន្តរបស់ខ្លួនផងដែរ ខណ:រូបគេបង់រំលោះពីម្ចាស់ម្នាក់ទៀត ។


បើតាមប្រភពព័ត៌មានពីលោក ឡាយ គឹមឡាញ់ ជាអាជ្ញាសាលានៃសាលាដំបូងខេត្តបាត់ដំបង បានអានសាលក្រមចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឈ្មោះ យ៉េត ម៉ូលីន របស់សាលាឧទ្ធរណ៍ បានបញ្ជាក់ថា មានរថយន្តចំនួន២៥គ្រឿង ក្នុងនោះ រថយន្ត ដែលត្រូវចាប់ឃាត់មានចំនួន២គ្រឿង ទី១. រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ក្រហម ស៊េរីឆ្នាំ២០០៣ ពាក់ស្លាកលេខ ភ្នំពេញ 2AR-3416 និងទី២. រថយន្តម៉ាកឡិចស៊ីស RX 300 ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០០ ពាក់ស្លាកលេខ ភ្នំពេញ 2X-6691 ដែលចេញសាលក្រមសម្រេចលុបចោលដីកាសម្រេចលើកចោលពាក្យសុំចំពោះដីកាសម្រេចការពារលេខ៤៣០ (ង១) ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ របស់សាលាដំបូងរាជធានីភ្នំពេញជាអសារបង់ ។ លោកបន្តទៀតថា រឹបអូសរថយន្ត ចំនួន២គ្រឿងខាងលើ ជាបណ្តោះអាសន្ន ដោយរក្សាទុកនៅសាលាដំបូង ខេត្តបាត់ដំបង រង់ចាំដោះ ស្រាយពេលក្រោយ ។

បើតាមប្រភពពីម្ចាស់រថយន្ត ដែលបានបង់រំលោះ ឈ្មោះ លាង កុសល ភេទប្រុស អាយុ២៩ឆ្នាំ ប្រពន្ធ ឈ្មោះ អ៊ូ រ៉ាវី អាយុ២៩ឆ្នាំ បានរៀបរាប់ឱ្យដឹងថា រថយន្តទាំងពីរគ្រឿងខាងលើ គាត់បានទិញដោយបង់រំលោះពីឃ្លាំងមួយកន្លែងនៅរាជធានីភ្នំពេញ ដែលមានម្ចាស់ឈ្មោះ សេង សុភ័ក្ត្រ គឺបង់រំលោះក្នុង១ខែ តម្លៃ២៧០ដុល្លារ លុះបង់ប្រាក់បានរយ:ពេលត្រឹមតែ៦ខែ ស្រាប់តែមានអ្នកផ្សេងម្នាក់ទៀត ឈ្មោះ ណាំ ហម អះអាងថា ជាម្ចាស់រថយន្ត ចុះទៅដកយកនៅស្រុកព្រៃណប់ ខេត្តព្រះសីហនុ លុះយកទៅរក្សាទុកនៅប៉ុស្តិ៍បិតត្រាង ស្រុកព្រៃណុប មួយរយ:ក៏ចរចាសម្របសម្រួ ល ត្រូវរ៉ូវគ្នាវិញ ។ ប៉ុន្តែ ក្រោយមកមាន ឈ្មោះ ព្រហ្ម សុជាតិ បានអះអាងថា រថយន្តឡិចស៊ីសខាងលើ ជារបស់ខ្លួន ក៏ឱ្យសមត្ថកិច្ចដកហូតយកទុករយ:ពេល៣ខែ មិនព្រមដោះស្រាយឡើយ  រហូតដ ល់ពេលក្រោយមក លោកបានដាក់ពាក្យបណ្តឹងទៅតុលាការរាជធានីភ្នំពេញបន្តទៀត ហើយតុលា ការក៏ចេញសេចក្តីសម្រេច រក្សាការពារបណ្តោះអាសន្ន ឱ្យលោកមានសិទ្ធិប្រើប្រាស់ ដើម្បីយករថយន្តមកប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត ។ គាត់បន្តទៀតថា សង្កេតឃើញដីការក្សាការពាររបស់សាលាឧទ្ធរណ៍ក្រោយនេះ និងដីការក្សាការពាររបស់គាត់ មានការចុះលេខខុសគ្នា ទើបលោកមាន ការតវ៉ាមិនឱ្យរឹបអូសរថយន្តរបស់ខ្លួនឡើយ ។

 ចំណែកលោក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង បានឱ្យដឹងថា ខាងលោកគ្រាន់តែ ជាកម្លាំងសមត្ថកិច្ចសហការជាមួយនឹងសាលាអាជ្ញាខេត្តបាត់ដំបង ចុះអនុវត្តដីការបស់សាលាឧទ្ធរណ៍ប៉ុណ្ណោះ លោកគ្មានសិទ្ធិវាយតម្លៃថាភាគីណាខុសឬត្រូវឡើយ ព្រោះភាគីទាំងសងខាងសុទ្ធ តែមានឯកសារសំអាងរៀងៗខ្លួន ។ លោកបន្តទៀតថា រហូតមកដល់ព្រឹកថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីលោកធ្វើការសម្របសម្រួល ទើបខាងម្ចាស់រថយន្តព្រមព្រៀងប្រគល់រថយន្តឱ្យទៅ សមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋានខេត្តបាត់ដំបង ដោយរង់ចាំដោះស្រាយគ្នានៅតុលាការ ៕

 គីមសាន្នី