About Me

header ads

ប្រជាពលរដ្ឋ៩៩គ្រួសារ នៅភូមិធម្មជាតិ ស្រុកជាំក្សាន្ត បានចាប់ឆ្នោតទទួលដីកសិកម្មជំហ៊ានដំបូង ពីអាជ្ញាធរខេត្តព្រះវិហារ

ព្រះវិហារ៖ ប្រជាពលរដំចំនួន៩៩គ្រួសារ ក្នុងចំណោម១០៤៥គ្រួសារ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានចូលរួមចាប់ឆ្នោតទទួលយកដីឡូតិ៍កសិកម្ម ដែលជាដីសម្បទានសង្គមកិច្ច ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន តាមរយៈអាជ្ញាធរខេត្តព្រះវិហារ។


ពិធីចាប់ឆ្នោតទទួលយកដីកសិកម្មនេះ បានធ្វើឡើងក្រោមវត្តមានលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ពន្ធ័ និងអជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ជាច្រើនរូបទៀត។
លោក ប្រាក់ សុវណ្ណ បានថ្លែងថា ដីឡូតិ៍កសិកម្មដែលប្រគល់ ជូនប្រជាពលរដ្ឋនេះ គឺផ្តើមចេញពីអនុក្រឹត្យលេខ ០២ អនក្រ.បក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ស្តីពីការកំណត់តំបន់សហគមន៍ ស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព លើផ្ទៃដីចំនួន ៥,០០០ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំយាង និងឃុំកន្ទួត ស្រុកជាំក្សាន្ត។

លោកបញ្ជាក់ថា ខេត្តព្រះវិហារទទួលបានអនុក្រឹត្យកំណត់តំបន់សហគមន៍ក្នុងឆ្នាំ២០១៦ ក្នុងអាណត្តិអភិបាលខេត្តមុនៗ។ ដោយឡែកក្នុងឆ្នាំ២០២០ក្នុងអាណត្តិ របស់លោកជាអភិបាលខេត្ត បានចាត់តាំងក្រុមការងារគណៈកម្មាធិការបែងចែក និងប្រើប្រាស់ដីខេត្ត រៀបចំផ្តល់ដីសម្បទានសង្គមកិច្ច (ដីកសិកម្ម) ជូនប្រជាពលរដ្ឋ ចំនួន១០៤៥គ្រួសារ ដែលបានទទួលដីលំនៅដ្ឋានក្នុងភូមិធម្មជាតិរួចហើយ។

លោក ប្រាក់ សុវណ្ណ បានឱ្យដឹងទៀតថា ចាប់ពីពេលនេះតទៅប្រជាពលរដ្ឋនឹងទទួលបាននូវសុវត្ថិភាព នៃការកាន់កាប់ដីធ្លីរបស់ខ្លួន ហើយបាតុភាពរំលោភបំពាន លើដីធ្លី ដែលធ្លាប់ជួបប្រទះនៅពេលមុនៗ នឹងត្រូវបានបញ្ចប់ជាស្ថាពរ។ ទន្ទឹមនេះប្រជាពលរដ្ឋដែលទទួលបានដីកសិកម្ម២ហិកតានេះ មានសិទ្ធប្រើប្រាស់អាស្រ័យ ផលផ្តាច់មុខ និងទូលំទូលាយដោយកុំឱ្យយកដីនេះទៅប្រើប្រាស់ក្នុងបទណាមួយដែលច្បាប់ហាមឃាត់ ហើយត្រូវប្រើប្រាស់ដីនេះដាំដំណាំផ្សេងៗជាបន្តាបន្ទាប់ឱ្យគ្រប់រយៈពេល ៥ឆ្នាំទើបអាចមានសិទ្ធយកដីនេះទៅលក់ដូរ ជួល ផ្ទេរ ឫបញ្ចាំធានាគារបាន។

ជាមួយគ្នានេះ លោក ប្រាក់ សុវណ្ណ ក៍បានណែនាំឱ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តតាមច្បាប់ លិខិតបទដ្ឋានគតិយុទ្ធជាធរមាន ព្រមទាំងបទបញ្ជា របស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធិភាព និងមានមនសិការទទួលខុសត្រូវខ្ពស់ ការពារកុំឱ្យមានការចូលកាន់កាប់ទន្ទ្រានដីរដ្ឋ បោះបង្គោលលើដីរដ្ឋថ្មីៗត្រូវហាមឃាត់ ជាដាច់ខាត ដើម្បីថែរក្សាទ្រព្យសម្បត្តិធម្មជាតិរបស់ប្រទេសជាតិឱ្យមានចីរភាពតជំនាន់ទៅអនាគត។

លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងនូវការកោតសរសើរ ដល់ក្រុមការងារនៃគណៈកម្មាធិការបែងចែក និងប្រើប្រាស់ដីខេត្តដែលបានខិតខំអស់កម្លាំងកាយចិត្ត ប្រកបដោយស្មាតីលះបង់ខ្ពស់ ក្នុងការរៀបចំកិច្ចដំណើរការនៃការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ទៅតាមជំហ៊ានការងាររួមមាន ការរៀបចំធ្វើផ្លូវ ទទឹង៣០ម៉ែត្រ និងផ្លូវទទឹង១៥ម៉ែត្រ រៀបចំបោះបង្គោលព្រំដីកសិកម្ម រៀបចំផ្ទៀងផ្ទាត់មុខសញ្ញាអ្នកទទួលដីសរុបចំនួន ១០៤៥គ្រួសារ រៀបចំធ្វើពិធីចាប់ឆ្នោត ប្រគល់ដីឡូតិ៍កសិកម្មចំនួន៩៩ឡូតិ៍ ស្មើនិង១៩៨ហិកតា ចំពោះបងប្អូនដែលមិនទាន់ទទួលបាននៅថ្ងៃនេះ និងបានទទួលនៅថ្ងៃក្រោយបន្តបន្ទាប់ទៀត៕