About Me

header ads

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយមនុស្សធម៌ ចុះទៅសួរសុខទុក្ខ និងផ្តល់អំណោយផ្តល់ជូនគ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យឆេះ

ខេត្តស្វាយរៀង​៖នៅព្រឹក​ថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២០លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយមនុស្សធម៌ ចុះទៅសួរសុខទុក្ខ និងផ្តល់អំណោយផ្តល់ជូនគ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះ ខ្នង ១ របស់លោក ឃួន រ៉ា ភេទប្រុស អាយុ ៥០ ឆ្នាំ មុខរបរក្រឡាបញ្ជីសាលាដំបូងខេត្តស្វាយរៀង ផ្ទះធ្វើអំពីឈើ ថ្មខាងក្រោម ដំបូលសង័្កសី ជញ្ជាំងឈើ ទំហំ ៨x១៦ m មូលហេតុទុសេខ្សែភ្លើងកាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោង ៥:៤០ នាទី នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។



ក្នុងឱកាសនោះលោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះ ។


ជាមួយគ្នានេះលោកជំទាវក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនីដែលជាប្រភពនៃគ្រោះថ្នាក់ និងត្រូវត្រៀមឧបករណ៍ពន្លត់អគ្គីភ័យ និងទឹកនៅក្នុងពាងជាប់ជាប្រចាំ ហើយសូមកុំអស់សង្ឃឹម ត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ព្រោះអំណោយដែលបានផ្តល់ជូនពេលនេះ អាចជួយសម្រាលការលំបាកបានមួយគ្រាតែប៉ុណ្ណោះ ។


អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ៥០ គ.ក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្លរ ២ កន្ទេលបត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ និងថវិកា ២,0០០,០០០ រៀល ។