About Me

header ads

ឧត្តមសេនីយ៍ត្រី សែ​ វុទ្ធី​ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃអង្គារ​​ ៣រោច ខែពិសាខ​​​ ឆ្នាំជូត​​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី១២ ខែឧសភា​ ឆ្នាំ២០២០​ នៅសាលប្រជុំធំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែឧសភា ទិសដៅ​ការងារខែមិថុនា ឆ្នាំ​២០២០​។



ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក​ លោកស្រីមេបញ្ជាការរង​ លោក​នាយរងសេនាធិការដ្ឋាន​ លោក​ លោកស្រីនាយការិយាល័យ​ លោកមេបញ្ជាការ​ មូលដ្ឋានកងរាជអាវុធហត្ថស្រុក-ក្រុងទាំង៨​ និងនាយទាហានជាច្រេីនរូបទៀតផងដែរ។ ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី​ មេបញ្ជាការ​ បានកោតសរសេីដល់នាយទាហាន​ នាយទាហានរងទាំងអស់ដែលខិតខំកន្លងមកទាំងការការពារ​ ថែទាំសុខភាព​ ការធ្វេីអនាម័យ​សម្អាតអង្គភាពដេីម្បីប្រឆាំងនឹងជម្ងឺកូវីដ​ ១៩​ ការដាំដុះដំណាំ​ និងការចញ្ចឹមសត្វជាដេីម។


លោកមេបញ្ជាការ​ បានជំរុញឱ្យតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ជាពិសេស​កងរាជអាវុធហត្ថខេត្ត​ ត្រូវបន្តអប់រំ និងផ្សព្វផ្សាយ ជាលក្ខណៈយុទ្ធនាការជាប្រចាំ ក្នុងមូលដ្ឋានរបស់ខ្លួន នូវវិធីសាស្ត្រការធ្វើអនាម័យអោយបានញឹកញាប់ កុំមានការប្រមូលផ្ដុំគ្នា ពេលចេញក្រៅត្រូវពាក់ម៉ាស់អោយបានត្រឹមត្រូវ និងវិធានបង្ការនៃការឆ្លងវីរុសកូវីដនេះ​ (covid19) តាមណែនាំរបស់ក្រសួងសុខាភិបាល។


ក្នុងករណីមានបងប្អូនមានរោគសញ្ញាណាមួយស្រដៀងនឹងជំងឺកូវីដ-១៩ ត្រូវប្រញាប់នាំគាត់ទៅមណ្ឌលសុខភាពនៅជិតបំផុតដើម្បីធ្វើតេស្ត ឬទូរស័ព្ទទៅលេខ​ ១១៥។ ឆ្លៀតក្នុងឱកាសនេះ​ លោកឧត្តមសេនីយ៍ត្រី​ មេបញ្ជាការ​ ដាក់ទិសដៅបន្ត៖​
-​ បន្ដរៀបចំពង្រឹងរចនាសម្ពន្ធកងរាជអាវុធហត្ថ​ (ជាពិសេសការពង្រឹងបណ្ដាជំនាញ)
-​ បន្ដការងារអប់រំបណ្ដុះបណ្ដាល​ ធ្វេីវិក្រឹត្យការ​ និងអប់រំចិត្តសាស្រ្តប្រឆាំងនូវរាល់ព័ត៌មានក្លែងក្លាយសំដៅពង្រឹងផែនសាមគ្គីឯកភាពផ្ទៃក្នុង​ និងអនុវត្តម៉ឺងម៉ាត់តាមឋានានុក្រមកងយោធពលខេមរភូមិន្ទ។ -​ យកចិត្តទុកដាក់ការងារចិញ្ចឹម​ ថែទាំ​ និងអនុវត្តគោលនយោបាយ​ ជំរុញសកម្មភាពចលនាបង្កបង្កេីនផលដាំដុះ​ និងចិញ្ចឹមសត្វតាមបណ្ដាអង្គភាពនីមួយៗ។ -​ យកចិត្តទុកដាក់​តាមដានរាល់ការផ្សព្វផ្សាយព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះអង្គភាព​ និងបុគ្គលិកកងរាជអាវុធហត្ថតាមប្រព័ន្ធបណ្ដាញសង្គម​ និងមានវិធានការម៉ឺងម៉ាត់ចំពោះបុគ្គលិកកងរាជអាវុធហត្ថដែលប្រព្រឹត្តខុសឆ្គង​ បទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ​ និងច្បាប់របស់រដ្ឋ​ ព្រមទាំងសកម្មភាពធ្វេីការផ្សព្វផ្សាយនូវរាល់សកម្មភាព​ ស្នាដៃ​ សមិទ្ធិផល​ ដែលកងរាជអាវុធហត្ថសម្រេចបាន។ -​ បន្ដយកចិត្តទុកដាក់ការងារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់​ ម្ចាស់ការក្ដាប់ជាប់នូវរាល់សភាពការណ៍​ និងឧបាយកលបំផ្លិចបំផ្លាញ​សន្តិសុខ​ ស្ថេរភាពនយោបាយ។ ត្រៀមកម្លាំង​ និងមធ្យោបាយ​ ដេីម្បីធ្វេីការសង្គ្រោះគ្រោះមហន្ដរាយ​ និងត្រៀមចូលរួមសហការការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងករណីចៃដន្យ។ -​ បន្ដសហការពង្រឹងការអនុវត្តច្បាប់​ និងបទបញ្ជារបស់រាជរដ្ឋាភិបាល​ ពិសេស​ពាក់ព័ន្ធការងារការពារទប់ស្កាត់​ និងបង្ក្រាបបទល្មេីសធនធានធម្មជាតិ​ អំពេីគេចពន្ធដេីម្បីប្រមូលគៀងគរថវិកាជាតិ។


​ជាចុងក្រោយ​ លោក​ឧត្តមសេនីយ៍​ មេបញ្ជាការ​ ផ្ដាំផ្ញើ​  និងជូនពរដល់នាយទាហាន​ នាយទាហានរងទាំងអស់មានសុខភាពល្អ​ មានសុភមង្គលក្នុងគ្រួសារ​ គ្រួសារ​រកស៊ីទទួលទានមានបាន​គ្រប់ៗគ្នា​ ជាពិសេសជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លេីដាក់ឱ្យធ្វេី៕