About Me

header ads

រិន សារ័ត្ន ថាមានត្រឹមអ្នកមានគុណ និងមនុស្សដែលខ្លួនស្រឡាញ់គឺគ្រប់គ្រាន់ហើយ

រិន សារ័ត្ន ថាមានត្រឹមអ្នកមានគុណ និងមនុស្សដែលខ្លួនស្រឡាញ់គឺគ្រប់គ្រាន់ហើយ

កីឡាករប្រដាល់គុនខ្មែរ រិន សារ័ត្ន ដណ្តើមបានកៅអីមួយឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី TV5 Knock Out Series by K-Cement រដូវកាលទី៧ ក្រោយយកឈ្នះពិន្ទុកីឡាករ វ៉ែន ហុងជីវ៉ង់កាលពីថ្ងៃសៅរិ៍សប្តាហ៍កន្លងទៅ។ យ៉ាងណាមិញ អ្នកលេងគុនចម្រុះម្នាក់នេះបានប្រាប់ថា ខ្លួនមានអារម្មណ៍រាងសោះកក្រោះបន្តិចដែរនៅពេលដែលឡើងប្រកួតគ្មានអ្នកគាំទ្រចូលទស្សនាសូម្បីតែម្នាក់ក្រៅពីអ្នកឲ្យទឹក និងមិត្តរួមក្លិបប៉ុន្មាននាក់ប៉ុណ្ណោះទាំងដែលកន្លងមកពេលចេញទៅប្រកួតគុនចម្រុះនៅបរទេសធ្លាប់មានអ្នកទស្សនាស្រែកហ៊ោកញ្ជ្រៀងឲ្យឡើងកងរំពង។


សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៣ខែមុខនេះនឹងមិនមានអ្នកទស្សនាឡើយដោយសហព័ន្ធប្រដាល់គុនខ្មែរមិនអនុញ្ញាតឲ្យស្ថានីយទូរទស្សន៍ដែលរៀបចំកម្មវិធីប្រដាល់បើកទ្វារស្វាគមន៍ឲ្យអ្នកគាំទ្រចូលទស្សនាក្នុងបរិវេណសង្វៀនឡើយ។ ទោះយ៉ាងនេះក្តី រិន សារ័ត្ន ប្រាប់ថាវាគ្មានបញ្ហាសម្រាប់ខ្លួន ព្រោះអ្វីដែលសំខាន់នៅពេលនោះឲ្យតែមានអ្នកមានគុណ និងមនុស្សដែលខ្លួនស្រឡាញ់មកគាំទ្រដល់សង្វៀនគឺគ្រប់គ្រាន់សម្រាប់ខ្លួនហើយ ពីព្រោះពួកគេគឺជាកម្លាំងចិត្តដ៏ធំបំផុតសម្រាប់គេ។

យ៉ាងណាក៏ដោយ ជើងខ្លាំងមកពីក្លិបកងទ័ពជើងទឹកម្នាក់នេះក៏ប្រាប់ថាខ្លួនមិនសូវសប្បាយប៉ុន្មានដែរដែលត្រូវឡើងប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រដែលជាវគ្គមួយដ៏សំខាន់ដោយគ្មានអ្នកគាំទ្រចូលទស្សនាដូចរាល់ដង ប៉ុន្តែដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ រិន សារ័ត្ន លើកទឹកចិត្តឲ្យអ្នកគាំទ្រទាំងអស់ទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្ររបស់ខ្លួនតាមរយៈកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥នៅថ្ងៃសៅរិ៍ ទី២៣ ខាងមុខនេះ។ សូមបញ្ជាក់ថា បេក្ខភាពដណ្តើមពានរង្វាន់លេខ១ ជាមួយទឹកប្រាក់ ៤ពាន់ដុល្លារក្នុងកម្មវិធី Knock Out Series by K-Cement រដូវកាលទី៧ លើប្រភេទទម្ងន់ ៦៣,៥គីឡូក្រាមរវាងកីឡាករ រិន សារ័ត្ន និង សោម វិច្ឆ័យ ខណៈដែលគូដណ្តើមចំណាត់ថ្នាក់លេខ៣ រវាងកីឡាករ ពុយ វណ្ណៈ និង វ៉ែន ហុងជីវ៉ង់។