About Me

header ads

លោកជំទាវតំណាងរាស្ត្របើកប្រាក់ឧបត្ថម្ភមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន ប្រចាំខែឧសភា ឆ្នាំ២០២០ ជូនលោកយាយ លោកតាចំនួន ៩១នាក់

ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃអង្គារ ១៤ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន ដឹកនាំដោយឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហុក សុផល អភិបាលរងខេត្ត ក្នុងនាមលោកជំទាវបណ្ឌិតតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិប្រចាំខែឧសភា ឆ្នាំ២០២០ ផ្តល់ជូនលោកយាយ លោកតា ដែលទទួលបានមូលនិធិចំនួន៩១នាក់ ក្នុងម្នាក់ៗ ចំនួន១០០០០០រៀល ។



ការផ្តល់មូលនិធិនេះ បានធ្វើឡើនៅបរិវេណការិយាល័យតំណាងរាស្រ្តខេត្តប៉ៃលិន និងនៅក្នុងសាលាឃុំអូរអណ្តូង សាលាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ចំណែកលោកយាយ លោកតា ចាស់ជរាមានជំងឺធ្វើដំណើរពីបាក ក្រុមការងារបានយកថវិកាទៅបើកជូនដល់គេហដ្ឋានតែម្តង ។
ប្រភពព័ត៍មានបានឱ្យដឹងថា ក្រុមការងារ  បាននាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិតតំណាងរាស្រ្ត ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដោយជានិច្ចកាលឯកឧត្តម និងលោកជំទាវតំណាងរាស្រ្ត តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង នៅទូទាំងខេត្តប៉ៃលិន ។


ក្នុងឱកាសនោះ ឯកឧត្តម សៅ សារ៉ាត់ ប្រធានកហរុមប្រឹក្សា បាននាំនូវសេចក្តីអំពាវនាវរបស់ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិតតំណាងរាស្រ្ត បាន ស្រី មុំ  ដែលបានធ្វើការផ្សព្វផ្សាយអប់រំ ពីជំងឺឆ្លងកូវីដ១៩ ជាជំងឺដ៏កាចសាហាវកំពុងរីករាលដាលជាសកលពាសពេញពិភពលោក ដោយសូមឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ពីសុខមាលភាពខ្លួនឯង និងក្រុមគ្រួសារ ការរស់នៅត្រូវមានអនាម័យ រស់នៅស្អាត ស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមអនុវត្តវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ។


បើគ្មានការចាំបាច់សូមស្នាក់នៅក្នុងផ្ទះ ហាមមានការជួបជុំប្រមូលផ្តុំគ្នា ត្រូវឧស្សាហ៍លាងដៃជាមួយសាប៊ូ និងទឹកស្អាតឲ្យបានញឹកញាប់ ឬទឹកអាល់កុល និងជែលដែលមានកំរិតអាល់កុលចាប់ពី៧០ភាគរយឡើង ត្រូវពាក់ម៉ាស ឬក្រម៉ាឱ្យបានត្រឹមត្រូវនៅពេលបងប្អូនចេញទៅក្រៅ ចំអិននិងបរិភោគអាហារដែលឆ្អិនល្អ ហើយចំពោះប្រជាពលរដ្ឋដែលចំណូលស្រុកសូមស្នាក់នៅដាច់ដោយឡែកពីបងប្អូនមិត្តភក្តិរយ:ពេល១៤ថ្ងៃសិន ហើយក្នុងករណីមានអាការៈដូចជាផ្តាសាយ មានកំដៅចាប់ពី៣៧.៥អង្សា ក្អកស្ងួត ហៀរសំបោរ ពិបាកដកដង្ហើម សូមប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកនៅជិតបំផុត ឬហៅទៅកាន់លេខ១១៥ ឬរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំដែលនៅកៀកផ្ទាល់ជាមួយបងប្អូន ដើម្បីបានបញ្ជូនបងប្អូនទៅពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវចូលរួមប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ទាំងអស់គ្នា ដើម្បីកម្ពុជារួចផុតពីគ្រាដ៏លំបាកមួយនេះ ។


សូមបញ្ជាក់ថា មូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ខេត្តប៉ៃលិន បានរៀបចំឡើងតាំងពីឆ្នាំ២០១១ និងបានដំណើរការមកដល់បច្ចុប្បន្ន ដោយទទួលបានការឧបត្ថម្ភគាំទ្រថវិកាទាំងស្រុងពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន ដោយបើកប្រាក់ឧបត្ថម្ភជាប្រចាំខែ ជូនលោកយាយ លោកតាចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន មិនប្រកាន់និន្នាការនយោបាយ និងសាសនាឡើយ ៕