About Me

header ads

បើកបរវ៉ាជែងគ្នានៅលើដងផ្លូវមិនប្រយ័ត្ន បណ្តាលឱ្យរថយន្តបុកម៉ូតូពេញទំហឹងស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់

ខេត្តប៉ៃលិន ៖ រថយន្តសាំយ៉ុង១គ្រឿង បើកបរវ៉ារថយន្តធំខូច ដែលគេចតទុកនៅលើដងផ្លូវ លុះម៉ូតូបើកវ៉ាជែងរថយន្ត១គ្រឿងទៀត ក្នុងទិសដៅច្រាសគ្នា ស្របពេលគ្នា បណ្តាលឱ្យបុកផ្ទុបគ្នានៅលើដងផ្លូវ ពេញទំហឹងស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ។



ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃអាទិត្យ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុចចំការខ្លឹមចន្ទក្រឹស្នា ក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ  ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលបណ្តាលអោយមានមនុស្សរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់ រងការខូចខាតរថយន្តមធ្យម០១គ្រឿង និងខូចខាតម៉ូតូ០១គ្រឿងមធ្យម ។



ប្រភពព័ត៌មានបានឱ្យដឹងថា អ្នកបើកបររថយន្ត មាន ឈ្មោះ ឈឿន អូន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ (គ្មានរបួស) ដោយបើករថយន្តម៉ាកសាំងយ៉ុង ពណ៌ប៉ៃតងចាស់ ផលិតឆ្នាំ1999 ពាក់ស្លាកលេខ 2N-4077 ភ្នំពេញ (ខូចខាតមធ្យម) និងអ្នករួមដំណើរ ឈ្មោះ ឆន់ ស្រីដា អាយុ២២ឆ្នាំ ភេទស្រី ទាំង២នាក់ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន (គ្មានរបួស)។
ប្រភពបន្តទៀតថា ចំណែកអ្នកបើកបរម៉ូតូ មាន ឈ្មោះ សំ ព្រឹមព្រៃ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ (ស្លាប់នៅនឹងកន្លែង) ដោយបើកបរម៉ូតូម៉ាក (Honda wave) ពណ៌ខ្មៅលាយស គ្មានស្លាកលេខ (ខូចខាតមធ្យម) មិនពាក់មួកសុវត្ថិភាព រីឯអ្នករួមដំណើរមាន ឈ្មោះ សុង ហ៊ាន ភេទប្រុស អាយុ២៨ឆ្នាំ ទាំងពីរនាក់ រស់នៅភូមិកូនខ្លុង ឃុំព្រែកតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង (រងរបួសធ្ងន់) មិនពាក់មួកសុវត្ថិភាព ។



ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿងជិះគ្នា២នាក់ក្នុងទិសដៅពីលិចទៅកើត ដោយអត់ពាក់មួកសុវត្ថិភាពទាំងអស់គ្នា ហើយក៏វ៉ាជែងរថយន្ត១គ្រឿង ស្របពេលនោះ មានរថយន្តសាំងយ៉ុង១គ្រឿងទៀត បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុង ល្បឿនលឿន វ៉ាជែងរថយន្តធំ១គ្រឿង ដែលខូច ត្រូវម្ចាស់ចតទុកនៅលើដងផ្លូវ ក៏បុកគ្នាចំពីមុខពេញទំហឹង បណ្តាលឱ្យស្លាប់និងរងរបួសធ្ងន់តែម្តង ។


ក្រោយកើតហេតុ ម៉ូតូ និងរថយន្ត ត្រូវបានកម្លាំងនគរបាលចរាចរណ៍អួសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន រង់ចាំដោះស្រាយ ។ ចំណែកជនរងគ្រោះ ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត បាត់ដំបង ហើយសពម្នាក់ទៀត ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕