About Me

header ads

បាត់មុខមួយរយៈធំ កូនខ្មែរសញ្ជាតិបារាំង Loic Chan កំពុងចរចារទៅលេងឲ្យក្លិបមួយនៅ La Liga

បើនិយាយដល់កូនខ្មែរសញ្ជាតិបារាំងដែលមានជំនាញខាងបាល់ទាត់ប្រហែលជាបងប្អូនយើងខ្លះនៅមិនទាន់ភ្លេចពីយុវជនឈ្មោះ Loic Chan ឡើយ។ បន្ទាប់ពីបាត់មុខមួយរយៈធំ នៅពេលនេះគេកំពុងចរចារដើម្បីស្វែងរកលទ្ធភាពក្នុងការផ្ទេរទៅលេងឲ្យក្លិប RCD Mallorca នៅក្របខណ្ឌ La Liga នេះបើតាមការបញ្ជាក់ថាពីលោក Maurice Chan ឪពុកបង្កើតរបស់ Loic Chan មកកាន់ក្រុមការងារព័ត៌មានកីឡាប៉ុស្តិ៍លេខ៥តាមរយៈសារអេឡិកត្រូនិក។



លោក Maurice Chan បានបញ្ជាក់បន្ថែមថា នៅពេលនេះ Loic Chan កូនប្រុសរបស់លោកកំពុងតែត្រូវបានភ្នាក់ងារដោះដូរកីឡាករកាន់អាជ្ញាបណ្ណរបស់ FIFA ម្នាក់នៅប្រទេសអេស្បាញចាប់អារម្មណ៍លើរូបគេ ហើយកំពុងតែចរចារដើម្បីសិក្សាពីលទ្ធភាពក្នុងការផ្ទេរគេទៅលេងឲ្យក្លិប RCD Mallorca នៅក្របខណ្ឌ La Liga របស់អេស្បាញ។ យ៉ាងណាមិញ លោក Maurice Chan មិនទាន់ដឹងច្បាស់ថាក្លិបដែលចង់បានកូនប្រុសលោកយកទៅនោះនឹងប្រូម៉ូតគេឲ្យលេងឈុតធំ ឬដាក់ឲ្យលេងឈុតយុវជននោះទេ ពីព្រោះសព្វថ្ងៃ Loic Chan ទើបតែមានអាយុ១៤ចូល១៥ឆ្នាំប៉ុណ្ណោះ។ លោកបន្ថែមទៀតថា បច្ចុប្បន្នគ្រប់យ៉ាងកំពុងស្ថិតក្នុងដំណើរការនៃការចរចារនៅឡើយ ប៉ុន្តែត្រូវផ្អាកសិនដោយសារជំងឺកូវីដ១៩ដែលកំពុងតែវាយលុកទាំងនៅប្រទេសអេស្បាញ និងបារាំងដែលនៅក្បែរគ្នា។ ពេលស្ថានភាពធូរស្រាលវិញ លោកនឹងផ្តល់ដំណឹងបន្ថែមមកកាន់ក្រុមការងារព័ត៌មានកីឡាប៉ុស្តិ៍លេខ៥ទៀត ពីព្រោះលោកដឹងថាមានប្រជាជនខ្មែរជាច្រើនស្គាល់ និងស្រឡាញ់ Loic ដូច្នេះពួកគេច្បាស់ជាចង់ដឹងព័ត៌មានពីគេ។



សូមបញ្ជាក់ថា Loic Chan បច្ចុប្បន្នលេងឲ្យក្លិប Balmas SC នៅក្បែរទីក្រុង Toulouse ភាគខាងត្បូងនៃប្រទេសបារាំង។ យុវជនម្នាក់នេះមានទេពកោសល្យយ៉ាងល្អក្នុងការលេងបាល់ ហើយក៏ធ្លាប់បង្ហាញពីបំណងចង់មកលេងឲ្យកម្ពុជានៅថ្ងៃអនាគតផងដែរ ប្រសិនបើអាច។