About Me

header ads

Drogba និង Eto’s ប្រតិកម្មនឹងវេជ្ជបណ្ឌិត២នាក់ដែលស្នើឲ្យយកប្រទេសនៅទ្វីបអាហ្វ្រិកធ្វើពិធីពិសោធន៍រកវ៉ាក់សាំងកូវីដ១៩

Drogba និង Eto’s ប្រតិកម្មនឹងវេជ្ជបណ្ឌិត២នាក់ដែលស្នើឲ្យយកប្រទេសនៅទ្វីបអាហ្វ្រិកធ្វើពិធីពិសោធន៍រកវ៉ាក់សាំងកូវីដ១៩

លោក Didier Drogba និង Samuel Eto’o បានប្រតិកម្មខ្លាំងៗនឹងវេជ្ជបណ្ឌិតជនជាតិបារាំង២នាក់ដែលបានលើកឡើងថាចង់យកប្រទេសនៅទ្វីបអាហ្វ្រិកធ្វើជាមន្ទីរពិសោធន៍រកវ៉ាក់សាំងដើម្បីដោះស្រាយវិបត្តិជំងឺកូវីដ១៩។ លោកសាស្ត្រាចារ្យ Jean-Paul Mira មកពីមន្ទីរពេទ្យ Cochin នាទីក្រុងប៉ារីស និងលោកសាស្ត្រាចារ្យ Camille Locht មកពីមជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្រប្រទេសបារាំងហៅកាត់ INSERM បានពិភាក្សាគ្នាពីលទ្ធភាពនៃការព្យាបាលជំងឺកូវីដ១៩នៅប្រទេសបារាំងតាមរយៈកម្មវិធីទូរទស្សន៍ La Chaine Info ដែលជាកម្មវិធីដ៏ល្បីមួយនៅក្នុងស្រុក។

លោក Jean Paul Mira បានលើកឡើងថា ការសិក្សាស្រាវជ្រាវរកវ៉ាក់សាំងគួរតែធ្វើឡើងនៅប្រទេសក្នុងទ្វីបអាហ្វ្រិក ហើយលោកសាស្ត្រាចារ្យ Locht បានគាំទ្រនូវគំនិតរបស់ដៃគូគាត់ ហើយថានៅពេលនេះពួកគាត់ទាំង២កំពុងតែធ្វើការពិចារណាមួយស្រដៀងទៅនឹងការពិចារណាបង្កើតវ៉ាក់សាំង BCG ដែលជាវ៉ាក់សាំងបង្ការជំងឺរបេងនៅប្រទេសអាហ្វ្រិក។ ពួកគាត់បានរៀបចំសំណើរួចរាល់ហើយ និងកំពុងតែធ្វើការសិក្សាវាយតម្លៃយ៉ាងល្អិតល្អន់បំផុត។ ជាមួយរឿងនេះធ្វើឲ្យអតីតខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្រុមតោខៀវ Chelsea លោក Didier Drogba ដែលធ្លាប់ឈ្នះពានលីគកំពូលអង់គ្លេស ៤សម័យ និង UCL ១ សម័យជាមួយក្រុមនៅទីក្រុងឡុងដ៏នោះបានធ្វើការរិះគន់ចំៗចំពោះគំនិតរបស់សាស្ត្រាចារ្យបារាំងទាំង២នាក់នោះដោយលោកបានសរសេរលើគណនី Twitter របស់ខ្លួនថា៖ អាហ្វ្រិកមិនមែនជាមន្ទីរពិសោធន៍នោះទេ។

 Drogba យល់ថា ការលើកឡើងរបស់វេជ្ជបណ្ឌិតទាំង២នាក់នោះប្រៀបដូចជាការរើងអើស និងមើលងាយពូជសាសន៍អាហ្វ្រិករបស់លោកអ៊ីចឹង។ Drogba ក៏បានស្នើសុំឲ្យមេដឹកនាំប្រទេសអាហ្វ្រិកទាំងអស់រួមគ្នាការពារប្រជាជាតិរបស់ខ្លួនពីការគំរាមកំហែងគ្រប់រូបភាពទាំងអស់។ អតីតប្រធានក្រុមជម្រើសជាតិ Ivory Coast រូបនេះក៏បានទទូចសុំឲ្យប្រជាជាតិអាហ្វ្រិកទាំងអស់រួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងវ៉ិរុសថ្មីដ៏កាចសាហាវមួយនេះដែលកំពុងតែសម្លាប់សេដ្ឋកិច្ចសកលលោក រួមទាំងមនុស្សរាប់ម៉ឺននាក់នៅទូទាំងពិភពលោក។ Drogba បានសង្កត់ធ្ងន់ៗថា៖ សូមកុំចាត់ទុកជនជាតិអាហ្វ្រិកដូចពូជជ្រូកឆ្កួតឲ្យសោះ! វាជារឿងគួរឲ្យស្អប់ខ្ពើមបំផុត! ក្រៅពី Drogba នៅមានកីឡាករបាល់ទាត់សញ្ជាតិអាហ្វ្រិកល្បីៗជាច្រើនរូបទៀតបានចេញមុខប្រតិកម្មខ្លាំងចំពោះការលើកឡើងដោយមិនបានគិតរបស់សាស្ត្រាចារ្យវេជ្ជបណ្ឌិតជនជាតិបារាំងទាំង២នាក់នោះ។

ក្នុងនោះខ្សែការពារសញ្ជាតិកាមារ៉ូនរបស់ក្លិប Amiens កីឡាករ Aurelien Chedjou បានចូលរួមប្រតិកម្មផងដែរដោយចោទជាសំណួរថា៖ តើបងប្អូនអាហ្វ្រិកយើងម៉េចនឹងអាចមិនរន្ធត់ចិត្តទៅបើមានគេគិតអគតិដាក់បែបនេះនោះ? ពិសេសអ្នកដែលគិតនោះសុទ្ធតែជាអ្នកប្រាជ្ញឡើងនិយាយលើកម្មវិធីទូរទស្សន៍ដែលមនុស្សមើលរាប់លាននាក់ទៀត? Chedjou បានបន្ថែមទៀតថា, យើងម៉េចនឹងអាចយកទ្វីបអាហ្វ្រិកធ្វើមន្ទីរពិសោធន៍បានទៅ បើនៅអឺរ៉ុបផ្ទុះរាលដាលជំងឺកូវីដ១៩នេះសាហាវលើសអាហ្វ្រិករាប់ម៉ឺនករណីឯណោះ? យ៉ាងណាមិញ មជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្របារាំង INSERM បានចេញសេចក្តីថ្លែងការណ៍មួយការពារការលើកឡើងរបស់លោក Locht ដោយអះអាងថា វីដេអូមួយនោះត្រូវបានចាក់ផ្សាយឡើងដោយខ្វះការបកប្រែ និងកែសម្រួលឲ្យបានត្រឹមត្រូវ ប៉ុន្តែការបកស្រាយនេះត្រូវបាន Chedjou ទាត់ចោលភ្លាមៗ។

យ៉ាងណាក៏ដោយ ការលើកឡើងរបស់វេជ្ជបណ្ឌិតជនជាតិបារាំងទាំង២នាក់នោះធ្វើឲ្យកីឡាករ និងបុគ្គលល្បីៗដែលមានដើមកំណើតអាហ្វ្រិកជាច្រើននាក់មានការខឹងសម្បារមិនពេញចិត្ត និងបានថ្កោលទោសយ៉ាងខ្លាំងដោយពួកគេជឿថា ការពោលបែបនោះគឺស្មើនឹងការរើសអើង និងមើលងាយពូជសាសន៍អាហ្រ្វិកសុទ្ធសាធ។ យ៉ាងណាមិញ មកទល់ពេលនេះនៅមិនទាន់មានការបកស្រាយណាមួយពីសំណាក់វេជ្ជបណ្ឌិតទាំង២នាក់នោះឡើយ។