ដើម្បីប្រឆាំងជំងឺ Covid-19 លោក ជា ណារ៉ុន នាំយកម៉ាស់ចំនួន ២៥.០០០ ទៅចែកជូនមន្ទីរពេទ្យ មណ្ឌលសុខភាព និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសួង

( ត្បូងឃ្មុំ ):
ដើម្បីប្រឆាំងតទល់ជំងឺ Covid-19 កាលពីរសៀលថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២០ លោ ជា ណារ៉ុន អភិបាលក្រុងសួង បាននាំយកម៉ាស់ ចំនួន ១០ កេសធំ ស្មើនឹង ២៥.០០០ ម៉ាស់ ដែលទទួលបានមកពីការឧបត្ថម្ភរបស់ លោក លឹម ឃាង និងភរិយា ម្ចាស់សិប្បកម្មផលិតម៉ាស់ DENG RONG មានទីតាំងនៅរាជធានីភ្នំពេញ ។

លោក ជា ណារ៉ុន បានឲដឹងថា ម៉ាស់ដែលទទួលបានពីសប្បុរសទាំង ២៥.០០០  ក្នុងនោះផ្តល់ជូន មន្ទីរពេទ្យបង្អែកក្រុង មណ្ឌលសុខភាពទាំង ៣ អធិការដ្ឋាននគរបាលក្រុង និងប៉ុស្តិ៍នគរបាលទាំង ២ ក្រុមប្រឹក្សាក្រុង ការិយាល័យចំណុះទាំង ១៣ ហើយនៅសល់ នឹងបន្តចែកអោយរដ្ឋបាលសង្កាត់ទាំង ២ ភូមិទាំង ៣០ មុខសញ្ញាចំណាកស្រុកមកពីក្រៅប្រទេស និងប្រជាពលរដ្ឋងាយរងគ្រោះផងដែរ ។

លោក ជា ណារ៉ុន ក៏ថ្លែងអំណរគុណ និងកោតសរសើរនូវទឹកចិត្តសប្បុរសធម៌ចំពោះសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភគាំទ្រ ជាមួយរដ្ឋបាលក្រុងសួង ក៏ដូចជារដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ នាដំណាក់ការដ៏សំខាន់នេះ ៕