About Me

header ads

ប្រធានគណៈកម្មការប្រយុទ្ធជំងឺ COVID-19 ខេត្តប៉ៃលិន ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវគ្រប់គ្រងពលករទើបបម្លាស់ទីមកស្រុកកំណើតឱ្យបានច្បាស់លាស់ និងបន្តយុទ្ធនាការចុះផ្សព្វផ្សាយនៅតាមមូលដ្ឋាន ដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-19

ខេត្តប៉ៃលិន ៖ ក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធនឹងជំងឺ COVID-19 ខេត្ត នាថ្ងៃទី០៩ មេសា ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានជំរុញ និងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវគ្រប់គ្រងពលករ ដែលទើបត្រលប់មកពីក្រៅប្រទេសឱ្យបានច្បាស់លាស់ ជា ពិសេស ត្រូវអប់រំណែនាំ និងតាមដានសុខភាពរបស់ពួកគាត់ឱ្យបានជាប្រចាំ ហើយត្រូវបន្តយុទ្ធនាការចុះផ្សព្វផ្សាយនៅតាមមូលដ្ឋាន ចាប់ពីប្រជុំជន រហូតដល់ជនបទ ខណៈប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ សែន បានចេញសេចក្តីប្រកាសឱ្យផ្អាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ និងមន្ត្រីរាជការមិនអនុញ្ញាតឱ្យឈប់សម្រាកនោះទេ ដើម្បីរួមគ្នាកបង្ការ និងទប់ស្កាត់ ការ រីករាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា ស្របពេលដែលពិភពលោក មានអ្នកកើតជំងឺ និងស្លាប់ ដោយសារវីរុសនេះរាប់ម៉ឺននាក់ ។

ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍ថា ៖ នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេរកឃើញមានអ្នកឆ្លងជំងឺ COVID-19 នេះក៍ដោយ ប៉ុន្តែសម្រាប់ខេត្តប៉ៃលិន រហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញ មានអ្នកឆ្លងជំងឺនេះនៅឡើយទេ ។ ប៉ុន្តែ រយៈពេលកន្លងមកនេះ មានពលករចំណាកស្រុកទាំងក្នុង និងក្រៅប្រទេស បានវិលត្រឡប់ចូលមកកាន់ស្រុកកំណើតវិញ ដោយមិនបានដឹងថា ក្នុងចំណោម មនុស្សទាំងអស់នោះ មានអ្នកផ្ទុកមេរោគ COVID-19 ឬអត់នោះទេ ។

ដូច្នេះ ដើម្បីទប់ស្កាត់កុំអោយមានការចម្លងជំងឺនេះ ក៍ដូចជាដើម្បីជួយសង្គ្រោះ និងព្យាបាលដល់ជនរងគ្រោះដែលមានផ្ទុកជំងឺនេះ ឲ្យបានទាន់ពេលវេលា គណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ខេត្តប៉ៃលិន បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីអនុវត្តន៍តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល ដោយទាំងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ មន្រ្តីជំនាញពាក់ពន្ធ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរួមគ្នា ចុះផ្សព្វផ្សាយនៅតាមភូមិ និងតាមខ្នងផ្ទះ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមបង្ការ និងទប់ស្កាត់ជំងឺ COVID-19នេះទាំងអស់គ្នា។ 

ឯកឧត្តមប្រធាន បានមានប្រសាសន៍បញ្ជាក់ថា៖ ដោយសារការព្រួយបារម្ភជាខ្លាំង ចំពោះជម្ងឺកូវីត-១៩ ធ្វើឱ្យក្រុមហ៊ុន សហគ្រាស និងកន្លែងការងារមួយចំនួនត្រូវបានបិតទ្វារ បណ្តាលឱ្យប្រជាពលរដ្ឋមួយចំនួនអត់ការងារធ្វើ ហើយពលរដ្ឋខ្លះ ដែលធ្វើជាពលករនៅក្រៅប្រទេស ត្រូវបង្ខំចិត្តវិលត្រឡប់មកកាន់ស្រុកកំណើត និងលំនៅដ្ឋានវិញ ដូច្នេះធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្រុមគ្រួសារ ហើយជាក់ស្តែងកន្លងមក គណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ខេត្ត បាននាំយកអំណោយស្បៀងមកឧបត្ថម្ភដល់បងប្អូននៅតាមខ្នងផ្ទះ ចំនួន ២ជំហ៊ាន មកហើយ គឺបានចំនួន ៥៥១គ្រួសារ ព្រោះមិនអាចធ្វើការប្រមូលផ្តុំមនុស្សច្រើនបាន ហើយនឹង គ្រោង ឧបត្ថម្ភស្បៀងជំហ៊ានទី៣បន្តទៀត ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២០ខាងមុខ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋអនុវត្តន៍ឱ្យបាន ម៉ឺង ម៉ាត់តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដោយពេលចេញទៅខាងក្រៅត្រូវពាក់ម៉ាស់ ឬរុំក្រមាជានិច្ច និងលាងសម្អាតដៃជាប្រចាំ ជាមួយអាល់កុល ឬសាប៊ូ ហើយត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ប្រសិនបើមានអាការៈគួឲ្យសង្ស័យ ដូចជា៖ ក្តៅខ្លួន ក្អក និងពិបាកដកដង្ហើមជាដើម ហើយក្នុងករណីមានប្រជាពលរដ្ឋណាដែលទើបត្រឡប់ពីបរទេសត្រូវរាយការណ៍ទៅអាជ្ញាធរភ្លាមៗ ដើម្បីធ្វើការពិនិត្យជៀសវាងការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមយើង។

សូមបញ្ជាក់ថា៖ ចាប់ពីថ្ងៃទី២២ ខែមិនា រហូតដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នៅខេត្តប៉ៃលិន មានពលករទើបត្រលប់មកពីក្រៅប្រទេសសរុប ចំនួន ៩០៧នាក់ ស្រី ៤៣៤នាក់ ដោយក្នុងនោះ ក្រុងប៉ៃលិន ចំនួន ៣៨០នាក់ ស្រី ១៨៧នាក់ និងស្រុកសាលាក្រៅ ចំនួន ៥២៧នាក់ ស្រី ២៤៧នាក់ ៕