About Me

header ads

Carlos Tevez ពោលបែបនេះពិតជាត្រឹមត្រូវណាស់ ស្របពេលដែលជំងឺកូវីដ១៩ រាលដាលកាន់តែខ្លាំងលើពិភពលោក

Carlos Tevez ពោលបែបនេះពិតជាត្រឹមត្រូវណាស់ ស្របពេលដែលជំងឺកូវីដ១៩ រាលដាលកាន់តែខ្លាំងលើពិភពលោក

អតីតខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្រុមបិសាចក្រហម Manchester United និង Manchester City លោក Carlos Tevez បានលើកទឹកចិត្តឲ្យកីឡាករបាល់ទាត់ល្បីៗទាំងអស់នៅលើពិភពលោករួមគ្នាជួយអ្នកក្រខ្សត់ក្នុងអំឡុងពេលដែលពិភពលោកកំពុងតែជួបវិបត្តិជំងឺកូវីដ១៩។ លោក Carlos Tevez បាននិយាយថា៖ កីឡាករបាល់ទាត់ម្នាក់ៗអាចរស់បាន៦ខែ ឬ១ឆ្នាំដោយគ្មានចំណូលប្រចាំខែ។ ពួកយើងមិនដែលចេះអស់សង្ឃឹមឡើយ ខណៈដែលអ្នកខ្លះរស់មួយថ្ងៃគិតមួយថ្ងៃប៉ុណ្ណោះ។ ពួកគេត្រូវប្រញាប់ចេញពីផ្ទះម៉ោង៦ព្រឹក និងត្រឡប់ចូលផ្ទះវិញម៉ោង៧យប់ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ។



សម្រាប់យើងដែលជាតារាបាល់ទាត់ល្បី អាចនិយាយបានយ៉ាងស្រួលពីផ្ទះ ដោយដឹងថាកូនចៅមានចំណីអាហារគ្រប់គ្រាន់សម្រាប់ហូបចុកក្នុងអំឡុងពេលមានវិបត្តិ ប៉ុន្តែសម្រាប់មនុស្សក្រខ្សត់វិញ គិតអ្វីមិនចេញឡើយ។ ពួកគេដឹងថា បើពួកគេហ៊ានតែចេញពីផ្ទះ អាចនឹងត្រូវប្រឈមជាមួយសមត្ថកិច្ចឃាត់ខ្លួន ដូច្នេះពួកគេគ្មានអ្វីយកមកចិញ្ចឹមកូនចៅឡើយ។

វាជារឿងគួរឲ្យបារម្ភខ្លាំងបំផុត។ សម្តីរបស់ Tevez ប៉ុន្មានឃ្លានេះបានដាស់សតិកីឡាករបាល់ទាត់ល្បីៗជាច្រើនឲ្យនាំគ្នាបរិច្ឆាគទ្រពសម្បត្តិមហាសាលរបស់ពួកគេដើម្បីជួយសម្រួលដល់ទុក្ខលំបាកអ្នកដែលកំពុងជួបបញ្ហាបាត់បង់ការងារ និងមិនអាចចេញពីផ្ទះដោយសារជំងឺកូវីដ១៩។ កីឡាករបាល់ទាត់ល្បីៗលំដាប់ពិភពលោកជាច្រើននាក់បាននាំគ្នាបរិច្ចាគជាថវិកាដើម្បីជួយដល់ជនរងគ្រោះក្នុងនោះមានដូចជា៖ Cristiano Ronaldo, Messi, Neymar, Lewandowski និងគ្រូបង្វឹកល្បីៗដូចជា Jose Mourinho, Pep Guardiola និងបុគ្គលល្បីៗជាច្រើននាក់ទៀតក្នុងពិភពបាល់ទាត់។

ហើយមិនត្រឹមតែកីឡាករបាល់ទាត់ទេ កីឡាករកីឡាការិនីប្រភេទកីឡាផ្សេងៗទៀតសុទ្ធតែបានបរិច្ចាគប្រាក់របស់ខ្លួនដើម្បីជួយដល់ជនរងគ្រោះ និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយរដ្ឋាភិបាលរបស់ពួកគេរៀងៗខ្លួន។ លើសពីនេះទៅទៀត កីឡាករបាល់ទាត់នៅតាមក្រុមធំៗជាច្រើនស្ទើរតែគ្រប់ប្រទេសទៅហើយបានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលថ្លៃនឿយហត់របស់ខ្លួនចាប់ពីពាក់កណ្តាលឡើងដើម្បីជួយសម្រួលបន្ទុកដល់ក្លិប ខណៈដែលមានក្លិបមួយចំនួនកំពុងតែជាប់គាំងហិរញ្ញវត្ថុដោយសារគ្មានសកម្មភាពពាណិជ្ជកម្មក្នុងអំឡុងពេលពិភពលោកកំពុងឆ្លងកាត់ភាពវេទនាដោយសារជំងឺកូវីដ១៩។