About Me

header ads

នៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរកម្មករ កម្មការនី នៅខេត្តកំពង់ឆ្នាំងប្រមាណជាង៤ម៉ឺននាក់មកធ្វើការជាធម្មតា ដើម្បីចូលរួមបង្កាទប់ស្កាត់ជំងឺកូវីត១៩

កំពង់ឆ្នាំ៖ កម្មករ កម្មការនី ប្រមាណជាង៤ម៉ឺននាក់ នៅតាមបណ្តារោងចក្រនានានៅក្នុងភូមិសាស្រ្តនៃខេត្តកំពង់ឆ្នាំង បានបន្តចូលមកធ្វើការងាររៀងៗខ្លួន ដោយអនុវត្តន៍ទៅតាម សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលក្នុងយុទ្ធនាការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ នេះបើតាមការបញ្ជាក់របស់ លោកពៅ ស៊ីថា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង កាលរពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ដែលជាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។

 ការបញ្ជាក់របស់លោកប្រធានមន្ទីរការងារនេះ គឺធ្វើឡើងក្នុងពេលដែលឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រ អឹម វ៉េ ស្ថិតនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
 
លោកប្រធានមន្ទីរបានអោយដឹងទៀតថា រហូតមកដល់នឹងពេលនេះ ពុំមានកម្មករកម្មការនីណាម្នាក់ដែលអវត្តមានគ្មានមូលហេតុនោះទេ គឺកម្មករ ទំាងអស់បានមកបំពពេញការងារធម្មតា ចំពោះកម្មករដែលអវត្តមានគឺមានចំនួនតិចបំផុត ដោយមានមូលហេតុសមស្រប ដូចជាលំហែមាតុភាពការងារ គ្រោះថ្នាក់ចរាចរណ៍ តែប៉ុណ្ណោះ ។
 
កម្មករដែលមកបម្រើការងារនៅក្នុងរោងចក្រអឹម វ៉េ បានបញ្ជាក់ប្រាប់ថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ គឺរូបគាត់បានសម្រេចចិត្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល គឺពេញចិត្តនឹងចំណាត់ការនេះ ហើយមកធ្វើការជាធម្មតានៅក្នុងថ្ងៃបុណ្យចូលឆ្នាំនេះ ដោយមិនចេញទៅណានោះទេដោយអនុវត្តតាមវិធានណែនាំរបស់ក្រសួងសុខាភិបាលក្នុងការថែរក្សាសុខភាពជាប្រចាំ និង រក្សានៅគម្លាតពីគ្នា កាត់បន្ថយការជួបជុំគ្នា។
 

មានប្រសាសន៍នាឱកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានសម្តែង នូវការកោតសរសើរចំពោះដំណើរខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រអឹមវ៉េ ដែលបានបន្តនិរន្តរភាពរបស់រោងចក្រជាប្រចាំ បើទោះបីស្ថានភាពបច្ចុប្បន្ននៅលើសាកលលោកទទួលរងនូវវិបត្តិជាសាកល ដែលបង្ករឡើងដោយមេរោគកូវីឌ១៩នេះ ។

 ជាមួយនេះ ឯកឧត្តម បានសម្តែងកោតសរសើរចំពោះទឹកចិត្តរបស់កម្មករ កម្មការនី បានមកមបំពេញការងារជាធម្មតាតាមការណែនាំរបស់រាជរដ្ឋាភិបាល ដោយរក្សាសុខភាពនៅថ្ងៃនេះ ដើម្បីជួបជុំនៅពេលក្រោយ ។

បើទោះបីយើងមិនបានឈប់សំរាកក្នុងថ្ងៃបុណ្យចូលឆ្នាំប៉ុន្តែយើងអាចរៀបរណ្តាប់ទទួលទេវតាតាមផ្ទះរៀងៗខ្លួនដូចរៀងរាល់ឆ្នាំផងដែរ  ។

  ឯកឧត្តមបានផ្តាំផ្ញើដល់កម្មករ កម្មការនីទាំងអស់ ត្រូវចូលរួមថែទាំសុខភាពអោយបានល្អ ព្រោះថាជំងឺឆ្លងថ្មីនេះវាមានសភាពសាហាវមែន តែយើងអាចការពារបាន ដោយអនុវត្តជាប្រចាំគឺរស់នៅស្អាត ហូបស្អាត ផឹកស្អាត និង អនុវត្តតាមវិធានណែនាំរបស់ក្រសួងសុខាភាពិបាល គឺមិនត្រូវជួបជុំគ្នា លាងសំអាតដៃនិងសាប៊ូឬអាល់កុល រក្សាគម្លាតក្នុងសង្គម ធ្វើដូចនេះបាននោះ យើងទាំអស់គ្នាមិនអាចឆ្លងជំងឺនេះបានទេ ។
ដោយ សុក្ខារិន