About Me

header ads

ឯកឧត្តម ម៉ែន វិបុល ចុះពិនិត្យមើលពីវឌ្ឍនភាព នៃការរៀបទីតាំង បន្ទប់ស្នាក់នៅ សម្ភារ និងគ្រឿងបរិក្ខាពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ដែលជាទីតាំងមួយត្រៀមបម្រុងទុកសម្រាប់ទទួលព្យាបាល ក្នុងករណីមានអ្នកកើតជំងឺកូវីត-១៩ នៅក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩ ខេត្តស្វាយរៀង បានអញ្ជើញដឹកនាំក្រុមការងារដោយមានការចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុកស្វាយជ្រំ និងក្រុមគ្រូពេទ្យខេត្ត អញ្ជើញចុះពិនិត្យមើលពីវឌ្ឍនភាព នៃការរៀបទីតាំង បន្ទប់ស្នាក់នៅ សម្ភារ និងគ្រឿងបរិក្ខាពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ដែលជាទីតាំងមួយត្រៀមបម្រុងទុកសម្រាប់ទទួលព្យាបាល ក្នុងករណីមានអ្នកកើតជំងឺកូវីត-១៩ នៅក្នុងខេត្តស្វាយរៀង ។



ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះមន្ត្រីជំនាញ បុគ្គលិកពេទ្យ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការរៀបចំទីតាំងត្រៀមបម្រុងទុកនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំនេះ ដែលពិតជាបានបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ និងឆន្ទៈមោះមុតរួមចំណែកជាមួយរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩ ។



ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់សាជាថ្មីម្ដងទៀតថា នាពេលបច្ចុប្បន្នខេត្តស្វាយរៀង មិនទាន់មានប្រជាពលរដ្ឋណាម្នាក់ផ្ទុកនូវជំងឺកូវីត-១៩ នៅឡើយទេ ប៉ុន្តែដោយសារតែស្ថានភាពនៃការវិវត្តន៍របស់ ជំងឺនេះនៅកម្ពុជារបស់យើងនៅតែមិនទាន់បង្ហាញសញ្ញានៃការថមថយណាមួយនោះ ឯកឧត្ដម ស្នើដល់គ្រប់អង្គភាព និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំទីតាំងត្រៀមបម្រុងទុកនេះឲ្យបានរួចរាល់តាមផែនការដែលបានគ្រោងទុកនៅទីកន្លែងដែលមិនទាន់បានរៀបចំរួចរាល់ ដោយមានបំពាក់ឧបករណ៍បរិក្ខាពេទ្យ រៀបចំគ្រែ បន្ទប់ទឹក ប្រព័ន្ធទឹក បំពាក់ម៉ាស៊ីនត្រជាក់នៅតាមបន្ទប់ និងសម្ភារពាក់ព័ន្ធផ្សេងៗទៀតស្របតាមបទដ្ឋានបច្ចេកទេសសុខាភិបាល ។ ទន្ទឹមនេះ ឯកឧត្ដម ក៏បានណែនាំដល់អាជ្ញាធរស្រុក និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្ត និងបង្កើនការចុះផ្សព្វផ្សាយ អប់រំ ណែនាំប្រជាពលរដ្ឋនៅមូលដ្ឋានអំពីវិធានការនានាដែលក្រសួងសុខាភិបាលបានរៀបចំនាពេលកន្លងមក ជាពិសេសត្រូវបន្តយកចិត្តទុកដាក់ចំពោះបងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃ ដោយធានាថាពួកគាត់ត្រូវបានស្នាក់នៅដាច់ដោយឡែកពីគេក្នុងរយៈពេល១៤ថ្ងៃ ហើយក្នុងករណីមានការសង្ស័យត្រូវចាត់ក្រុមគ្រូពេទ្យចុះពិនិត្យ និងបញ្ជូនគាត់ទៅសម្រាកនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត និងត្រូវរាយការណ៍ជាបន្ទាន់មកគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩ខេត្ត ។



សូមបញ្ជាក់ថា ឆ្លើយតបនឹងសភាពការណ៍បច្ចុប្បន្នដែលសកលលោក ក៏ដូចជាប្រទេសកម្ពុជាយើងកំពុងរងនូវការវាយលុកពីជំងឺកូវីត-១៩ រដ្ឋបាលខេត្តស្វាយរៀង បានត្រៀមនូវទីតាំងបម្រុងទុកសម្រាប់ដាក់ឲ្យនៅដាច់ដោយឡែកចំពោះអ្នកដែលមានការសង្ស័យ និងអ្នកផ្ទុកនូវជំងឺកូវីត-១៩នេះ នៅតាមទីតាំងមួយចំនួន ទាំងនៅតាមបណ្ដាមន្ទីរពេទ្យខេត្ត ក្រុង ស្រុក សណ្ឋាគារ និងផ្ទះសំណាក់ ដោយសរុបមានចំនួន ១១១បន្ទប់ ស្មើនឹង ២១១គ្រែ ៕