បើកបរម៉ូតូពេលយប់ក្នុងល្បឿនលឿនដួលរបួសធ្ងន់

ខេត្តប៉ៃលិន ៖ យុវជនម្នាក់បើកបរម៉ូតូ ក្នុងល្បឿនលឿននៅពេលយប់ បណ្តាលឱ្យរេចង្កូតធ្លាក់ក្នុងប្រឡាយអត់ទឹករងរបួសធ្ងន់ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃព្រហស្បតិ៍ ០២រោច ខែចេត្រ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិថ្នល់ទទឹង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៍មាន បានឱ្យដឹងថាជនរងគ្រោះ មាន ឈ្មោះ ឃឹម អៀត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិស្វាយស ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបើកបរម៉ូតូម៉ាក យ៉ាម៉ាហា អ៊ិចសង់ទ័រ ពណ៌ខ្មៅលាយបៃតង គ្មានផ្លាកលេខ ( រងរបួសធ្ងន់បាក់ដៃខាងឆ្វេង) ។ ប្រភពបន្តថា គេឃើញជនរងគ្រោះជិះម៉ូតូ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ស្រប់តែរេចង្កូតធ្លាក់ក្នុងប្រឡាយអត់ទឹករងរបួសតែម្តង ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យបង្អែកខេត្ត រីឯវត្ថុតាងត្រូវបាននគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ៕