About Me

header ads

អភិបាលខេត្ត ចុះពិនិត្យមើលការដ្ឋានជួសជុលផ្លូវលំ១ខ្សែ ជំនួយឥតសំណងរបស់ប្រទេសជប៉ុន

ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញ ចុះដោះស្រាយផលប៉ះពាល់ និងពិនិត្យមើលការដ្ឋានជួសជុលផ្លូវក្រួសលាយល្បាយថ្មភ្នំ១ខ្សែ ប្រវែងជាង ៦គីឡូម៉ែត្រ ស្ថិតនៅភូមិសួស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលជាជំនួយឥតសំណង របស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូនិ) ដើម្បីពន្លឿនការស្ថាបនា ឱ្យសម្រេចបានទៅការគ្រោងទុក ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តបានមានប្រសាសន៍ថា ៖ ការជួសជុលផ្លូវ ១ខ្សែនេះ គឺមានតួនាទីសំខាន់ណាស់ ដោយជួយសម្រួលបានមួយកម្រិត ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅសិក្សារបស់ក្មួយៗ សិស្សានុសិស្សផងដែរ ។ ដូច្នេះ ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាល បានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការចូលរួមចំណែកស្តារ និងអភិវឌ្ឍប្រទេសកម្ពុជា តាំងពីដើមឡើយរហូតមកដល់បច្ចុប្បន្ន ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស ដែលបង្កបរិយាកាស ដល់ការសហការជាមួយដៃគូនានា ដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា ៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើម ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលនៅសងខាងផ្លូវ និងប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង ។

បើតាមរបាយការណ៍របស់ លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា៖ ផ្លូវក្រួសលាយល្បាយថ្មភ្នំ ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូនិ) ដែលបានបើកការដ្ឋានជួសជុលកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ គឺមានប្រវែង ៦៣០០ម៉ែត្រ ទទឹង ៧ម៉ែត្រ មានសំណង់សិល្បការចំនួន៧កន្លែង និងគ្រឿងបរិក្ខារចរាចរណ៍មួយចំនួនទៀត ដែលមានប្រជាពលរដ្ឋទទួលផលលើការធ្វើចរាចរណ៍ ចំនួន ៤ភូមិ គឺភូមិសួស្តី ភូមិអូរតាវ៉ៅ ភូមិកូនភ្នំ និងភូមិប៉ាងរលឹម ស្មើនឹងប្រជាជនចំនួន ៦៩៧២នាក់ ៕