About Me

header ads

ខឹងឈប់ជួលបន្ទប់ម្ចាស់ផ្ទះជេរប្រមាថនិងចាប់ស្រ្តីមានផ្ទៃពោះ៤ខែម្នាក់ចងដៃជាប់ទ្វាររបង

ភ្នំពេញ៖ស្រ្តីមានផ្ទៃពោះ៤ខែម្នាក់ត្រូវបានបុរសជាម្ចាស់ផ្ទះជួលមួយកន្លែងចាប់ចងដៃនិងក្រមាជាប់ជាមួយទ្វាររបងផ្ទះព្រោះតែខឹងស្រ្តីបងស្រីនាងម្នាក់ទៀតឈប់ជួលបន្ទប់ស្នាក់នៅ និងបានទៅជួលផ្ទះផ្សេងទៀតដែលមានតម្លៃថោកជាស្នាក់នៅ ហើយខណៈដែលបងស្រីនាងរើឥវាន់ចេញក៏ត្រូវបានម្ចាស់ផ្ទះជួលខាងលើរករឿង លុះពេលនាងទៅជួយបងស្រីក៏បានទទួលរងនូវអំពើហឹង្សាពីម្ចាស់ផ្ទះជួលនោះទាំងកម្រោលតែម្ដង។


ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤០នាទីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលលេខA4ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ស្រ្តីរងគ្រោះឈ្មោះអឿន នាត អាយុ៣៣ឆ្នាំមានផ្ទះពោះ៤ខែ ចំណែកបងស្រីឈ្មោះអឿន ស្រីម៉ៅ អាយុ៣៧ឆ្នាំ អ្នកទាំ២ មានទីលំនៅក្នុងភូមិទួលតាកោ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ដោយឡែកជនដៃដល់ឈ្មោះអ៊ូ ប៊ុនធី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាមន្រ្តីសាធារណៈការនិងដឹកជញ្ជូន មានម្ដាយឈ្មោះស្រេង ឆេងលីន អាយុ៨១ឆ្នាំ ជាម្ចាស់ផ្ទះជួលខាងលើ។

នាងអឿននាតបានរៀបរាប់ប្រាប់ប៉ូលិសថា បងស្រីរបស់នាងបានជួលបន្ទប់ផ្ទះជួលរបស់ជនដៃដល់ខាងលើក្នុងតម្លៃ១ខែ៤៥ដុល្លារស្នាក់នៅរយៈពេល១ឆ្នាំកន្លងមកហើយ ប៉ុន្តែពេលនេះដោយសារតែរកលុយឲ្យថ្លៃឈ្នួលផ្ទះលែងបានពេលវីរុសCovid-19 កំពុងវាយលុកនោះ។ទើបបងឈប់ជួលផ្ទះនោះតទៅទៀតហើយបានទៅរកជួលផ្ទះថ្មីម្លៃថោកត្រឹមតែ២៥ដុល្លារស្នាក់នៅវិញព្រមទាំងបានប្រាប់ ម្ចាស់ផ្ទះជួលចាកចេញនៅថ្ងៃទី១០ ខែមសា ខាងមុខ។


ស្រ្តីរូបនោះបានបន្តទៀតថា លុះដល់ថ្ងៃកើតហេតុបងស្រីនាងបានសម្រេចចិត្តចាកចេញមុនថ្ងៃកំណត់រួចក៏បានជួលម៉ូតូកង់បី១គ្រឿងជិះទៅដឹកឥវាន់ដោយហៅរូបនាងទៅជាមួយដែរដើម្បីជួយរើឥវាន់ ហើយដោយសារតែឥវាន់ច្រើនទើបដឹកមិនអស់។រួចបានដឹកយកទៅខ្លះនិងចាក់សោរទុកនៅក្នុងបន្ទប់ខ្លះ លុះពេលដឹកឥវាន់ទៅដល់បន្ទប់ថ្មីបងស្រីបានរើឥវាន់ម្នាក់ឯងចំណែកនាងបានទៅសម្រាកក្នុងបន្ទប់។ហើយនៅរើឥវាន់ចេញពីម៉ូតូកង់បីដាក់ក្នុងបន្ទប់រួចរាល់បងស្រីនាងបានជិះម៉ូតូកង់បីនោះត្រឡប់ទៅកាន់បន្ទប់ជួលទៅដឹកឥវាន់បន្តទៀត ។ស្រាប់តែត្រូវបានស្រ្តីម្ចាស់ផ្ទះជួលរករឿងមិនតែប៉ុណ្ណោះបានវាយសោរដែលបងស្រីនាងចាក់បន្ទប់ចោលរួចយកសោរថ្មីមកកឹបជំនួសវិញនាង ហើយបន្ទាប់ពីម្ចាស់ផ្ទះរករឿងបែបនេះបងស្រីនាងបានទូរស័ព្ទហៅនាងឲ្យទៅជួយ។ប្រភពខាងលើបានបន្តទៀតថា ភ្លាមៗនោះនាងក៏បានទៅ ហើយបានសួរនាំម្ចាស់ផ្ទះពីរឿងហេតុស្រាប់តែកូនប្រុស ម្ចាស់ផ្ទះនាងនិងយកក្រមាចងដៃទាំង២អូសយកទៅចងជាប់ទ្វាររបងផ្ទះ។ទោះបីជានាងប្រាប់ថាមានផ្ទៃពោះនិងប្រយ័ត្នប៉ះពាល់កូនក្នុងផ្ទៃនាងក៏ជននោះមិនព្រមឈប់ដែរ បន្ទាប់មកបានដេញតាមចាប់បងស្រីនាងដែលបានថតរូបពីសកម្មភាពដែលជននេះធ្វើមកលើនាងថែមទៀតផង តែចាប់មិនបានបងស្រីរត់រួច ។


នគរបាលបានឲ្យដឹងថា ក្រោយពេលកើតហេតុស្រ្តីរងគ្រោះមិនបានមកដាក់ពាក្យប្ដឹងភ្លាមៗនោះទេ ហើយស្រ្តីជាបងបានយករូបភាពដែលថតបានទៅបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បង្កឲ្យមានការភ្ញាក់ផ្អើលទើបដឹងដល់កម្លាំងនគរបានចុះធ្វើការស្រាវជ្រាវ។លុះដល់វេលាព្រឹកថ្ងៃទី៦ ខែមសា ទើបស្រ្តីរងគ្រោះមកដាក់ពាក្យបណ្ដឹងសុំឲ្យជួយអន្តរាគមន៍ ដោយបានទាមទារសំណងជម្ងឺចិតចំនួន៥ពាន់ដុល្លារ ពីជនដៃដល់ហើយនៅវេលាព្រឹកថ្ងៃដដលនោះកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ក៏បានហៅស្រ្តីជាម្ដាយដែលជាម្ចាស់ផ្ទះជួលទៅធ្វើការសាកសួរអំពីរឿងហេតុដែលបានកើតឡើងខណៈដែលកូនប្រុសជាជនដៃដល់បានរត់គេចខ្លួន បាត់ទៅហើយ  ប៉ុន្តែពុំដឹងស្រ្តីម្ចាស់ផ្ទះជួលនោះនិយាយអ្វីខ្លះទេក្រោយមកនគរបាលបានឲ្យគាត់ត្រឡប់ទៅផ្ទះវិញហើយ៕