រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យដាំបង្គោលភ្លើងសូឡាចំនួន៤០ដើមដើម្បីបំភ្លឺផ្លូវសាធារណៈ!

ស្ទឹងត្រែងៈបង្គោលភ្លើងសូឡាបំភ្លឺផ្លូវសាធារណៈចំនួន៤០បង្គោលត្រូវបានរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យដឹកនាំដោយលោក លី មីនា អភិបាលស្រុក និងក្រុមការងារបានរៀបចំដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវរួចរាល់ហើយ នៅតាមដងផ្លូវក្នុងទីប្រជុំជនស្រុកបុរីអូរស្វាយសែនជ័យកាលពីល្ងាចថ្ងៃទី៦មេសា២០២០នេះ។

អភិបាលស្រុកបុរីអូរស្វាយសែនជ័យ លោក លី មីនា បានអោយដឹងថាកាលពីមុនស្រុកបុរីអូរស្វាយសែនជ័យនេះគឺភូមិមួយដែលមានប្រជាជនធ្វើដំណើរទៅមកនឹងដឹកកសិផលទៅកាន់ទីផ្សារទាំងយប់អធ្រាតដោយគ្មានភ្លើងបំភ្លឺតាមផ្លូវសាធារៈណៈនោះទេនៅក្នុងភូមិមួយនេះ។លោកថាបន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបង្កើតស្រុកថ្មីដែលមានឈ្មោះថា ស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែងនាពេលបច្ចុប្បន្ននេះរដ្ឋបាលស្រុកបានដំឡើងបង្គោលភ្លើងសូឡាបំភ្លឺផ្លូវចំនួន៤០ដើមដែលជាមូលនិធិរបស់ស្រុក ឆ្នាំ២០២០ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរទៅមក ហើយថែមទាំងជួយបង្កើនសោភ័ណភាពស្រុកអោយមានភាពស្រស់បំព្រងនិងជួយអោយភូមិឃុំនៃស្រុកថ្មីមានសុខសុវត្ថិភាពដល់ការរស់នៅប្រជាពលរដ្ឋផងដែរ។

លោកអភិបាលស្រុកបញ្ជាក់ថាបង្គោលភ្លើងសូឡាបំភ្លឺផ្លូវសាធារណៈចំនួន៤០បង្គោលបានរៀបចំដាក់ដាំដំឡើងចាប់ពីខាងមុខសាលាស្រុករហូតដល់មុខសាលាឃុំអូរស្វាយនិងបរិវេណនៃសួនច្បារនិងដងផ្លូវក្នុងស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។