About Me

header ads

ស្រ្តីវ័យចំណាស់ដ៏កំសត់ម្នាក់ ដើរបេះស្លឹកផ្ទី ស្លឹកអំពិល និងទិញបន្លែគេលក់ចិញ្ចឹមចៅកំព្រា

ខេត្តប៉ៃលិន ៖ ពិតជាគួរឱ្យអាណិតលោកយាយចំណាស់ម្នាក់ ស្ទើរខ្លោចចិត្ត ខណ:មានកូន ប្រុសស្រីរហូតដល់ទៅ៥នាក់ តែដោយសារពួកគេមានជីវភាពក្រីក្រ មិនអាចចិញ្ចឹមម្តាយម្នាក់ឱ្យរស់នៅជាមួយបាន ទើបបណ្តោយឱ្យគាត់ ជួលផ្ទះគេស្នាក់នៅជាមួយនឹងចៅកំព្រាឪពុកម្តាយ ខណ:រាល់ថ្ងៃប្រកបរបរ ដើរបេះស្លឹកផ្ទី ស្លឹកបាស ស្លឹកម្រះ និងឡើងបេះស្លឹកអំពិល ហើយទិញបន្លែគេបន្ថែម ដើម្បីយកទៅជួលតូបក្នុងផ្សារដាក់លក់ បានប្រាក់តិចតួច សម្រាប់ផ្គត់ផ្គង់ជីវភាពពីរនាក់យាយ និងចៅ ។ អ្នកខ្លះគេស្គាល់ ក៏ជួយទិញបន្លែរបស់គាត់ អ្នកខ្លះទៀត ដើរហួស ទៅទិញម៉ូយរបស់គាត់ ដែលធ្វើឱ្យគាត់នៅសល់បន្លែជាច្រើនទៀត លក់អត់ដាច់ អង្គុយអស់សង្ឃឹម ។ 




ប្រភពព័ត៌មាន បានឱ្យដឹងថា លោកយាយវ័យចំណាស់ម្នាក់ មាន ឈ្មោះ ហំ ម៉ៃ អាយុ៦៧ឆ្នាំ មានប្តីឈ្មោះ ហូវ ហាច អាយុ៧៥ឆ្នាំ លែងលះគ្នាតាំងពីគាត់អាយុ៣០ឆ្នាំជាង ដោយមានកូននឹងគ្នា ចំនួន៥នាក់ ប្រុស១ ស្រី៤នាក់ ។ បច្ចុប្បន្ន គាត់រកស៊ីចិញ្ចឹមចៅកំព្រាម្នាក់ ឈ្មោះ ចិត្រា តារាវិឆៃ ភេទប្រុស អាយុ៩ឆ្នាំ រៀនថ្នាក់ទី១ នៃសាលាបឋមសិក្សាផ្សារព្រំ រស់នៅក្នុងភូមិផ្សារព្រំជើង ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ។ 



បើតាមការរៀបរាប់របស់លោកយាយវ័យចំណាស់កំសត់ ខាងលើបានឱ្យភ្នាក់ងារសារព័ត៌ មានយើងដឹងកាលពីវេលាម៉ោង៩ និង៥០នាទីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នៅក្នុងផ្សារព្រំថ្មីថា គាត់មានស្រុកកំណើតរស់នៅខេត្តកំពង់ចាម ដោយមានប្តីម្នាក់ កាលពីសម័យប៉ុលពត ហើយក៏រួមរស់នៅជាមួយគ្នា រហូតបានកូនប្រុសស្រីចំនួន៥នាក់ ក្នុងនោះកូនប្រុសព្រៅម្នាក់ ។ គាត់បន្តទៀតថា ក្រោយមកដោយសារជីវភាពក្រីក្រ ប្តីរបស់គាត់មិនទ្រាំរស់នៅរកស៊ីចិញ្ចឹមកូនៗហើយបែរជារត់ទៅលួចមានប្រពន្ធថ្មីម្នាក់ទៀត ក៏បានលែងគាត់ចោលទុកឱ្យគាត់ចិញ្ចឹមកូនទាំង៥នាក់ តែម្នាក់ឯងយ៉ាង ត្រដាបត្រដួស ។ ចាប់តាំងពីពេលនោះមក គាត់មិនហ៊ានយកប្តីចុងទៀតទេ ព្រោះខ្លាចគេ វាយធ្វើបាបកូន ទើបសុខចិត្តទ្រាំរស់នៅមេម៉ាយ រហូតដល់កាលពីជាង១០ឆ្នាំមុន ដោយសារជីវភាពខ្វះខាតខ្លាំងពេក គាត់ក៏បានដាច់ចិត្តនាំកូនទាំង៥នាក់ មកជួលផ្ទះគេ រស់នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹង កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយរកស៊ីចិញ្ចឹមកូនទាំងអស់នោះរហូតដល់ធំៗអស់ ។ តែពួក គេមិនបានរៀនសូត្រឱ្យបានជ្រៅជ្រះនោះទេ ព្រោះតែម្តាយគ្មានលទ្ធភាព ។ លុះក្រោយមកពួកគេ ក៏មានប្តីប្រពន្ធបែកគ្នាអស់រលីងទៅ ដោយកូនខ្លះយកប្តី បែកទៅរស់នៅឯខេត្តកំពង់ចាម កូនខ្លះទៀត ចេញទៅរកស៊ីនៅប្រទេសថៃ ទើបទុកឱ្យគាត់រស់នៅជាមួយចៅកំព្រាម្នាក់ ខណ:ដែលឪពុកស្លាប់ចោលតាំងពីនៅតូចក្រូចឆ្មាមកម្លេះ ។ រីឯម្តាយរបស់គេ បានយកប្តីថ្មីម្នាក់ទៀត តែប្តីចុងនេះមានចិត្តកាចសាហាវ មិនឱ្យក្មេងរូបនេះរស់នៅជាមួយនោះទេ ដូច្នេះ គាត់ក៏សុខចិត្តរកស៊ីចិញ្ចឹមចៅ រហូតមកដល់សព្វថ្ងៃនេះ ។



គាត់រៀបរាប់ពីជីវភាពរស់នៅបច្ចុប្បន្នឱ្យដឹងទាំងទឹកភ្នែកថា គាត់ជួលផ្ទះគេស្នាក់នៅជាមួយចៅកំព្រា ដោយ១ថ្ងៃទៅ១ថ្ងៃ ពិតជាមានការលំបាកវេទនាខ្លាំងណាស់ ជួនកាលគាត់ឈឺនៅផ្ទះមិន បានលក់ដូរ អត់មានលុយទិញអង្ករច្រកឆ្នាំ នាំចៅហូបបបរ ។ ម្យ៉ាងទៀត ក្នុង១ខែ ត្រូវបង់ប្រាក់ថ្លៃឈ្នួលផ្ទះ១០ម៉ឺនរៀល ហើយជួលតូបគេលក់បន្លែ ក្នុង១ខែ១០ម៉ឺនរៀលផងដែរ ។ ជួនកាល គាត់លក់ដាច់អស់ ក្នុង១ថ្ងៃ អាចរកប្រាក់ចំណូល បានចាប់ពី១៥០០០ទៅ២០០០០រៀលប៉ុណ្ណោះ ដោយបែងចែកទិញអង្ករ ម្ហូបអាហារ នៅសល់តិចតួច ដើម្បីទុកបង់ថ្លៃផ្ទះគេ ។ ពេលខ្លះទៀត គាត់លក់អត់ដាច់ សល់បន្លែស្ទើរទាំងអស់ បណ្តាលឱ្យរលួយខួច ហើយបន្លែ ដែលគាត់លក់ភាគច្រើនគឺដើរបេះខ្លួនឯងនៅតាមព្រៃភ្នំ ដូចជាស្លឹកបាស ស្លឹកផ្ទី ផ្លែស្វាយ និងឡើងដើមអំពិលខ្ពស់ៗ បេះស្លឹកលក់ផងដែរ ។ គាត់បញ្ជាក់ថា សព្វថ្ងៃនេះ ទាំងពីរនាក់យាយនិងចៅកំព្រាម្នាក់នេះ រស់នៅខ្វះមុខ ខ្វះក្រោយ ខណ:រកប្រាក់ឱ្យថ្លៃផ្ទះជួលគេស្ទើរតែមិនទាន់ រីឯរាងកាយ ក៏កាន់តែចាស់ មានជម្ងឺជាប្រចាំ បើពឹងពាក់ទៅលើកូន ក៏សុទ្ធតែក្រីក្រ រកស៊ីចិញ្ចឹមគ្រួសាររបស់គេរៀងខ្លួនមិនចង់គ្រប់ គ្មានដី ស្រែចម្ការនឹងគេនោះទេ ។ ដូច្នេះ គាត់មានតែពឹងទៅលើកម្លាំងរបស់ខ្លួន ដួលថ្ងៃណា ចាំគិតទៀត ហើយជីវិតគាត់មិនសំខាន់ទេ ស្លាប់ថ្ងៃណា ក៏ស្លាប់ទៅចុះ ។ តែគាត់ បារម្ភពីចៅកំព្រារបស់ខ្លួន មិនដឹងជាទៅរស់នៅជាមួយអ្នកណាទេ ពេលគាត់អស់ជីវិតនៅលើផែនដីនេះ បើពឹងម្តាយ ត្រូវឪពុកចុង វាយធ្វើបាប ។ លើសពីនេះ គាត់ប្រាថ្នា ឱ្យមានអាហារហូបប្រចាំថ្ងៃគ្រប់គ្រាន់ ហើយបើសិនជាប្រជាពលរដ្ឋអាណិតអាសូរដល់គាត់ សូមឱ្យជួយទិញបន្លែធម្មជាតិ ដែលគាត់ខិតខំប្រឹងដើរបេះទាំងនេះផង ព្រោះគ្មានសារធាតុគីមីនោះឡើយ ៕

 ដោយ ៖ នីយ៉ា