About Me

header ads

ទោះបីជាមានការបិទច្រកទ្វារអន្តរជាតិព្រំ ក៏អាជីវករអាចលក់ដូរនៅក្នុងផ្សារព្រំថ្មីដាច់ធម្មតា

ខេត្តប៉ៃលិន ៖ រហូតមកដល់វេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ នៅក្នុងផ្សារព្រំថ្មី ស្ថិតនៅក្បែរច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ គេសង្កេតឃើញ ប្រជាពលរដ្ឋជាច្រើននាក់ នាំគ្នាចូលផ្សារទិញម្ហូបអាហារ មានគ្នាច្រើនដដែល ពោលគឺមិនស្ងប់ស្ងាត់ដូចនៅក្នុងផ្សារសាមគ្គី ហៅប៉ាហ៊ីក្នុងក្រុងប៉ៃលិននោះឡើយ ។

ប្រភពព័ត៌មានពីអាជីវករម្នាក់ ឈ្មោះ មៀច សារិន ភេទស្រី អាយុ៣៩ឆ្នាំ ជាអ្នកលក់អង្ករ បានឱ្យដឹងថា ទោះបីជាមានការបិទច្រកទ្វារអន្តរជាតិព្រំ ក៏ដោយ គាត់នៅតែអាចលក់អង្ករដាច់ធម្មតាដូចពីមុនដែរ ។ គាត់បន្តទៀតថា ចំពោះតម្លៃទីផ្សារ អង្កររបស់គាត់ គឺលក់ដូចកាលពីមុនដែរ ពោលគឺមិនឡើង ក៏មិនចុះតម្លៃអ្វីដែរ ។

បុរសឈ្មោះ ស្រៀង អាយុ៤០ឆ្នាំ លក់ចានឆ្នាំង និងសម្ភារ:ប្រើប្រាស់ផ្ទះបាយផ្សេងៗទៀត  បានឱ្យដឹងថា ការលក់ដូររបស់គាត់មានការ កាក់កប មានអតិថិជនចូលទៅទិញប្រើប្រាស់ច្រើន ។ ប៉ុន្តែ តាំងពីមានករណីផ្ទុះមេរោគកូរ៉ូណា ហៅកូវីដ១៩  រួចមក ការលក់ដូររបស់គាត់ហាក់ដូចជាមានការធ្លាក់ចុះជាងមុនបន្តិច ។ ប៉ុន្តែ នៅតែមានម៉ូយ ចូលទៅទិញសម្ភារ:ប្រើប្រាស់ទាំងនោះ ជាធម្មតា មិនអត់ម៉ូយសោះនោះឡើយ ដោយក្នុង១ថ្ងៃៗ អាចលក់ បានប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ មិនខ្វះខាតទេ ។

បើតាមសម្តីអាជីវករ ឈ្មោះ នីតា ភេទស្រី អាយុ៣២ឆ្នាំ ឈ្មោះ យាយនី ភេទស្រី អាយុ៥៥ឆ្នាំ ជាអ្នកលក់សាច់ជ្រូក ឈ្មោះ ណុច ភេទស្រី អាយុ២៥ឆ្នាំ លក់ស៊ុតមាន់ ទា បានរៀបរាប់ឱ្យដឹង ស្រដៀងគ្នាដែរថា ការលក់ដូររបស់ពួកគាត់គឺដាច់ធម្មតា ទោះបីជាមានករណីផ្ទុះជម្ងឺឆ្លង រហូតដល់បិទច្រកទ្វារអន្តរជាតិក៏ដោយ គឺប្រជាពលរដ្ឋនាំគ្នាទៅទិញម្ហូបអាហារ ត្រីសាច់ដូចសព្វដងដែរ ។ ចំពោះសាច់ជ្រូក សាច់ភ្លៅ ឬស្មាមុខ ១គីឡូគ្រាម តម្លៃ១៨០០០រៀល រីឯសាច់សុទ្ធ១គីឡូក្រាម ២០០០០រៀល ។ ចំណែកពងមាន់ គាត់លក់១០គ្រាប់៤៥០០រៀល ហើយពងទាលក់១០គ្រាប់៥០០០រៀល មិនលក់លើសកាលពីមុននោះទេ ហើយស៊ុតទាំងនោះ លើកយកមកពីខេត្តបាត់ដំបង និងខេត្តផ្សេងៗ ទៀតក្នុងប្រទេសខ្មែរយើង ។

ចំណែកអ្នកលក់ត្រី ក៏បានឱ្យដឹងដែរថា ការលក់ដូររបស់គាត់ មានការធ្លាក់ចុះ ជាងមុនបន្តិច ដោយកាលពីមុន អាចលក់ត្រី បានចាប់ពី១៤០ទៅ១៥០គីឡូក្រាម ក្នុង១ថ្ងៃ ។ ប៉ុន្តែ បច្ចុប្បន្នគាត់លក់បានត្រឹមតែ៧០ទៅ៨០គីឡូក្រាមប៉ុណ្ណោះ ក្នុង១ថ្ងៃ ហើយតម្លៃក៏មិនលើសពីមុនដែរ ។ គាត់បន្តទៀតថា ត្រីទាំងអស់នេះ គឺនាំចូលមកពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិដូង ហៅឡែម ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ក៏មានត្រីខ្មែរយើងខ្លះៗដែរ ។

ចំពោះអ្នកលក់បន្លែខ្លះរៀបរាប់ថា ឥឡូវក៏លក់ដាច់ដូចពីមុន តែអ្នកលក់ខ្លះទៀត ត្អូញត្អែរ ថា ការលក់ដូរ អត់សូវដាច់ដូចកាលពីមិនទាន់មានបញ្ហាបិទច្រកព្រំដែន ឬជម្ងឺឆ្លងកើតឡើង ។
ទោះបីជាយ៉ាងណា ការលក់ដូររបស់អាជីវករនៅក្នុងផ្សារព្រំថ្មី ក្បែរព្រំដែន គឺមានការកាក់កបជាងអាជីវករលក់ដូរនៅផ្សារក្រុងប៉ៃលិន ព្រោះទោះបីជាមានបញ្ហាកើតឡើង ក៏នៅតែមានមនុ ស្សអ៊ូរអរ ចូលទិញឥវ៉ាន់ដូចសព្វមួយដង ។

គេសង្កេតឃើញទិដ្ឋភាពក្នុងផ្សារ អ្នកខ្លះ មានការប្រុងប្រយ័ត្នខ្ពស់ ដោយពាក់ម៉ាសការពារ និងអ្នកខ្លះប្រើទឹកអាល់កុល ឬជែលលាងសម្អាតដៃ បន្ទាប់ពីកាន់ប្រាក់ពីអតិថិជនទិញឥវ៉ាន់របស់ពួកគេ ៕