About Me

header ads

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យទីតាំងផ្ទះសំណាក់គ្រូបង្រៀន ដែលរដ្ឋបាលខេត្តជ្រើសរើសជាទីតាំងត្រៀមបម្រុងទុកបន្ថែមសម្រាប់ទទួលព្យាបាល និងដាក់ឲ្យនៅដាច់ដោយឡែកក្នុងករណីមានអ្នកកើតជំងឺកូវីដ១៩ នៅក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩ ខេត្តស្វាយរៀង បានអញ្ជើញដឹកនាំក្រុមការងារដោយមានការចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងផ្ទះសំណាក់គ្រូបង្រៀន ស្ថិតនៅក្នុងក្រុងស្វាយរៀង ដែលរដ្ឋបាលខេត្តជ្រើសរើសជាទីតាំងត្រៀមបម្រុងទុកបន្ថែមសម្រាប់ទទួលព្យាបាល និងដាក់ឲ្យនៅដាច់ដោយឡែកក្នុងករណីមានអ្នកកើតជំងឺកូវីដ១៩ នៅក្នុងខេត្តស្វាយរៀង ។

ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ក្រោមការយកចិត្តទុកដាក់អនុវត្តយ៉ាងម៉ឺងម៉ាត់ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសមានការចូលរួមគាំទ្រពីគ្រប់សមាសភាពភាពទាំងឯកឧត្ដម លោកជំទាវអ្នកតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន កងកម្លាំង មន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានធ្វើឲ្យស្ថានភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅក្នុងខេត្តដំណើរការយ៉ាងល្អប្រសើរ ហើយអាចទប់ស្កាត់បាននូវការឆ្លងជំងឺដ៏កាចសាហាវនេះ ។

ឯកឧត្ដមបន្តថា បើទោះបីជាយ៉ាងណាក៏ដោយ ការប្រុងប្រយ័ត្នក៏នៅតែមាន ហើយការសម្រេចជ្រើសរើសទីតាំងផ្ទះសំណាក់គ្រូបង្រៀននេះ គឺជាវិធានការបន្ថែមដើម្បីចូលរួមចំណែកឲ្យបានគត់មត់ថែមទៀតក្នុងកិច្ចការបង្ការ ទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ព្រោះថាស្ថានភាពជារួមនៃការវិវត្តន៍របស់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើង គឺនៅតែជាប្រឈមនៅឡើយ ។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានស្នើដល់អង្គភាពពាក់ព័ន្ធ ជាពិសេសអង្គភាពរដ្ឋាករទឹក និងអគ្គិសនី ជាបឋមត្រូវរៀបចំកែលម្អ និងត្រួតពិនិត្យឡើងវិញនូវប្រព័ន្ធទឹក និងប្រព័ន្ធភ្លើងនៅទីតាំងនេះ ដើម្បីបំពេញបន្ថែមក្នុងករណីចាំបាច់ សម្រាប់ផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ ឆ្លើយតបតម្រូវការដែលអាចប្រើប្រាស់នាពេលខាងមុខ ៕