About Me

header ads

ប្រធានមន្ទីរពេទ្យខេត្តស្វាយរៀង ថ្នាក់ដឹកនាំ បុគ្គលិក គ្រូពេទ្យ និងមន្ត្រីរាជការ នៃមន្ទីរពេទ្យខេត្ត បានផ្ដល់ថវិកា ចំនួន ៤.៥៨០.០០០រៀលជូនរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ប្រធានមន្ទីរពេទ្យខេត្តស្វាយរៀង ថ្នាក់ដឹកនាំ បុគ្គលិក គ្រូពេទ្យ និងមន្ត្រីរាជការ នៃមន្ទីរពេទ្យខេត្ត បានផ្ដល់ថវិកា ចំនួន ៤.៥៨០.០០០រៀលជូនរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃអង្គារ ០៧រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយជាថវិកា ចំនួន ៤.៥៨០.០០០រៀល (បួនលានប្រាំរយប៉ែតសិបពាន់រៀល) ពីលោក ចាន់ ដារ៉ា ប្រធានមន្ទីរពេទ្យខេត្តស្វាយរៀង ថ្នាក់ដឹកនាំ បុគ្គលិក គ្រូពេទ្យ និងមន្ត្រីរាជការ នៃមន្ទីរពេទ្យខេត្ត បានផ្ដល់ជូនរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណ និងកោតសរសើរនូវទឹកចិត្តដ៏ប្រពៃ របស់លោកប្រធានមន្ទីរពេទ្យ ថ្នាក់ដឹកនាំ បុគ្គលិក គ្រូពេទ្យ និងមន្ត្រីរាជការ នៃមន្ទីរពេទ្យខេត្ត ដែលបានចូលរួមបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដល់រដ្ឋបាលខេត្តសម្រាប់គាំទ្រការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩  ដែលនេះពិតជាសរបញ្ជាក់ឲ្យឃើញពីកាយវិការប្រកបដោយសប្បុរស និងជាវប្បធម៌នៃការចែករំលែកជួយគ្នាក្នុងគ្រាលំបាក ហើយថវិកានេះ រដ្ឋបាលខេត្តនឹងយកទៅប្រើប្រាស់បម្រើឲ្យសកម្មភាពនានានៅមូលដ្ឋាន ទាំងការងារផ្សព្វផ្សាយអប់រំពីវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការងារសង្គម ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់នៅមូលដ្ឋាន ។

ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានថ្លែងនូវការអរគុណចំពោះក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្ត ក៏ដូចគ្រូពេទ្យទាំងអស់នៅទូទាំងខេត្ត ដែលកន្លងមក បានរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក្នុងការបំពេញបេកកម្មប្រចាំការតាមគោលដៅនានា ដើម្បីពិនិត្យ និងតាមដានសុខភាពប្រជាពលរដ្ឋ និងបងប្អូនពលករ កម្មករ មកពីក្រៅប្រទស និងក្រៅខេត្ត ដែលធ្វើដំណើរត្រឡប់មកស្រុកកំណើតក្នុងខេត្តស្វាយរៀង និងត្រូវបានដាក់ឲ្យនៅមណ្ឌលចត្តាឡីស័ក មណ្ឌលត្រួតពិនិត្យសុខភាព និងដាក់ឲ្យនៅដាច់ដោយឡែកនៅតាមផ្ទះរៀងៗខ្លួន ដែលការលះបង់ទាំងនេះ គឺជាវីរភាពមួយគួរឲ្យកោតសរសើរ និងស្ងប់ស្ងែង ហើយឯកឧត្ដមអភិបាលខេត្ត សង្ឃឹមថា គ្រូពេទ្យ និងបុគ្គលិកពេទ្យរបស់យើងទាំងអស់នៅទូទាំងខេត្ត នឹងនៅតែបន្តចូលរួមក្នុងបេសកកម្មដ៏ប្រពៃនេះ ដើម្បីរួមចំណែកធ្វើឲ្យកិច្ចការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងខេត្តស្វាយរៀងរបស់យើងកាន់តែទទួលបានជោគជ័យ និងទប់ស្កាត់បានជាបន្តទៀតមិនឲ្យមានប្រជាពលរដ្ឋឆ្លងនូវជំងឺរាតត្បាតនេះ ដោយនាំមកនូវសុខុមាលភាព និងការពារបាននូវអាយុជីវិតរបស់ប្រជាជន ៕