About Me

header ads

ជនចាស់ជរាគ្មានទីពឹង និងគ្រួសារពលរដ្ឋជួបការលំបាកខ្លាំង ចំនួន៣៤គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ និងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនជនចាស់ជរាគ្មានទីពឹង និងគ្រួសារពលរដ្ឋជួបការលំបាកខ្លាំង ចំនួន៣៤គ្រួសារ ក្នុងភូមិច្រកព្រាល ភូមិដំណាក់កន្សែង ភូមិត្រពងពង្ស និងភូមិដូងឃ្នៀស ឃុំប្រម៉ោយ ស្រុកវាលវែង ខណៈដែលពួកគាត់កំពុងរងផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយការផ្ទុះឡើងនៃជំងឺកូវីដ១៩ (Covid-19)។

ឯកឧត្ដម ម៉ៅ ធនិន បានពាំនាំការផ្ដាំផ្ញើការសួរសុខទុក្ខពីចម្ងាយ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនទុកឱ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់ អត់ស្បៀងអាហារស្លាប់នោះទេ ត្រូវធ្វើយ៉ាងណាជួយប្រជាពលរដ្ឋឱ្យទាន់ពេលវេលា «ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

ឯកឧត្ដមបានបន្ថែមថា អំណោយទាំងអស់នេះ អាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានរយៈពេលខ្លី ប្រសិនបើមានការខ្វះខាត ឬបញ្ហាផ្សេងៗ ត្រូវផ្តល់ដំណឹងមកមេភូមិ មេឃុំ ឬអាជ្ញាធរស្រុក ជាពិសេសលេខទូរស័ព្ទទាំង២ប្រព័ន្ធរបស់លោកមានស្រាប់ ដើម្បីយើងមានវិធានការឆ្លើយតបបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់អាហារនោះទេ។ ម្យ៉ាងវិញទៀតការនាំយកអំណោយចែកជូន ជនចាស់ជរាគ្មានទីពឹង និងគ្រួសារពលរដ្ឋជួបការលំបាកខ្លាំងនាពេលនេះ ដោយមិនប្រកាន់វណ្ណៈ ជាតិ សាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ គឺយើងជួយពួកគាត់ក្នុងនាមមនុស្សធម៌ និងជាវប្បធម៌នៃការចែករំលែក។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែរទាំសុខភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ (Covid-19) ដោយលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ទឹកអាល់កុលលាងដៃ ឬជែល ខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ។ ចៀសវាងប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកដែលមានគ្រុនក្តៅ ក្អក ឬផ្តាសាយ ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ត្រូវបរិភោគអាហារដែលចម្អិនបានឆ្អិនល្អ និងស្វាគមន៍គ្នាដោយសំពះ ជំនួសការចាប់ដៃ។

អំណោយមនុស្សធម៌ ផ្តល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ និងថវិកា២ម៉ឺនរៀល៕

បុឹម ពិន