អភិបាលខេត្តព្រះវិហារ ជម្រុញដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ រួមគ្នាការពារតំបន់សត្វស្លាប

ព្រះវិហារៈ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះទៅកាន់ តំបន់ភូមិសាស្ត្រ ទំនប់អាងបង្ហៀរទឹកអូរស្វាយ  ស្ថិតនៅក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត នាព្រឹកថ្ងៃទី២១មេសាឆ្នាំ២០២០។

ទំនប់អាងបង្ហៀរទឹកអូរស្វាយ ត្រូវបានផ្ទុកទឹកខួបប្រាំង ខួបវស្សា ហើយនៅគ្រាដើមឆ្នាំ2020នេះ សត្វស្លាបប្រភេទសត្វកម្រ និងជិតផុតពូជ គឺ សត្វត្រយ៉ងយក្សដ៏ច្រើន បាននិងកំពុងគៀងគរមករស់នៅទីនោះ។ ខណៈពេលនោះដែរ អាជ្ញាធរខេត្តព្រះវិហារ បានជម្រុញរកការអភិរក្ស និងអភិវឌ្ឍន៍តំបន់នោះ អោយបានគង់វង្ស ដើម្បីទុកជាកន្លែងកម្សាន្ត និងជាទីស្រូបយកចំណូលសេដ្ឋកិច្ចប្រចាំគ្រួសារ របស់ប្រជាពលរដ្ឋ ដែលរស់នៅជិតតំបន់នោះ។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានសម្តែងការពេញចិត្ត ចំពោះការរស់នៅ សត្វស្លាបជាច្រើនប្រភេទ ពិសេស សត្វត្រយ៉ងយក្ស ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជ ហើយស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ WCS នោះផងដែរ។

លោកបានអំពាវនាវ ដល់ស្ថាប័នជំនាញពាក់ព័ន្ធ អង្គភាពចំណុះនានា និងប្រជាពលរដ្ឋទាំងអស់ ដែលមានមូលដ្ឋាន នៅជិតតំបន់សត្វស្លាបរស់នៅនេះ ត្រូវចេះស្រឡាញ់ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃគ្រប់ប្រភេទ និងធនធានមច្ឆារជាតិ ត្រូវបញ្ឈប់ការលបលួចចូលបរបាញ់ និងកុំប្រើប្រាស់ឧបករណ៍នេសាទគ្រប់ប្រភេទ ដែលអាជ្ញាធរហាមឃាត់ ធ្វើការនេសាទត្រី នៅក្នុងតំបន់ទំនប់អាងបង្ហៀរទឹកអូរស្វាយនេះ ជាបន្តទៀត។