About Me

header ads

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ផ្សព្វផ្សាយអំពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ផ្សព្វផ្សាយអំពីវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ១៩

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមប្រតិបត្តិសាខា រួមជាមួយ អនុសាខាក្រុង យុវជន ក្រុមកាកបាទក្រហមសង្កាត់ ភ្នាក់ងារមណ្ឌលសុខភាព និងអ្នកស្ម័គ្រចិត្ត ចុះធ្វើយុទ្ធនាការអប់រំ ផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ ១៩ ជូនប្រជាពលរដ្ឋ ក្រុងកំពង់ចាម  ក្នុងសង្កាត់សំបួរមាស ចំនួន ៣៤២នាក់ និងនៅភូមិឡអិដ្ឋ  ក្នុងសង្កាត់បឹងកុក ចំនួន ៣៥៧នាក់ ផងដែរ ។

ក្រុមការងារសាខា ក៏បានបិទផ្សាយផ្ទាំងរូបភាព នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ចំនួន ៧៥សន្លឹក ប្រដាប់វាស់កំដៅ ជូនប្រជាពលរដ្ឋ និងធ្វើការណែនាំរបៀបសំអាតដៃជាមួយទឹកអាល់កុល និងសាប៊ូ ព្រមទាំង បានធ្វើការចែកសាប៊ូ អស់ចំនួន ៥១ដុំ និងផ្តល់ទឹក អាល់កុល ជូន មេភូមិទាំង ២ ខាងលើ អស់ចំនួន ១០លីត្រ ផងដែរ ។

លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ បានសំណូមពរ ឲ្យបងប្អូនទាំងអស់ ចាប់អារម្មណ៍គិតគូរ មុនបង្អស់ ពីសុខភាព អនាម័យ និងសុវត្ថិភាព ទាំងក្នុងក្រុមគ្រួសារ ទាំងផ្ទាល់ខ្លួន តាមរយៈ ការចូលរួមអនុវត្តវិធានការការពារ  និងរក្សាអនាម័យ ស្អាត ៣ យ៉ាង ពិសេស អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ សារអប់រំនានា របស់ក្រសួងសុខាភិបាល ដែលកំពុងចាក់ផ្សាយតាមប្រព័ន្ធព័ត៌មាន និងតាម ភូមិ ឃុំ សង្កាត់ របស់យើង ជារៀងរាល់ថ្ងៃ ជាអាទិ៍មាន ៖ ការលាងសំអាតដៃ នឹងសាប៊ូ ឬទឹកអាល់កុល ឲ្យបានញឹកញាប់ ការហាមប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកជម្ងឺ គ្រុនក្តៅខ្លាំង ក្អក ឬ ផ្តាសាយ កាត់បន្ថយការជួបជុំ នៅកន្លែងប្រមូលផ្តុំ ពេលចេញក្រៅផ្ទះ ត្រូវពាក់ម៉ាស់ ឬក្រមា ដើម្បី ការពារទប់ស្កាត់ ការឆ្លងជម្ងឺនានា ជាដើម ៕