កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២០ ប្រកាសស្វែងរកអ្នកមានទេពកោសល្យក្នុងការរចនាម៉ូតសម្លៀកបំពាក់

កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២០ ប្រកាសស្វែងរកអ្នកមានទេពកោសល្យក្នុងការរចនាម៉ូតសម្លៀកបំពាក់ ដោយនឹងទទួលបានទឹកប្រាក់រង្វាន់ ២ លានរៀល ព្រមនឹងពានកិត្តិយស។

ដើម្បីឱ្យកម្មវិធីប្រកួតប្រជែងសម្រស់ កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២០ ឬហៅថា Miss Grand Cambodia 2020 Competition កាន់តែមានភាពអស្ចារ្យ និងប្លែកខុសពីការប្រកួតមុនៗ ព្រឹត្តិការណ៍កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២០ បានប្រកាសស្វែងរកអ្នកមានទេពកោសល្យក្នុងការរចនាម៉ូតសម្លៀកបំពាក់ជាច្រើនទម្រង់ សម្រាប់ចូលរួមប្រកួតក្នុងកម្មវិធី។
ក្នុងនោះមានសម្លៀកបំពាក់ៈ ១. ឈុតហែលទឹកសម័យទំនើប  ២. សម្លៀកបំពាក់កូនក្រមុំក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ដែលមានចំនួន ៤ យ៉ាង រួមមាន សម្លៀកបំពាក់កូនក្រមុំក្នុងកម្មវិធីកាត់សក់ សម្លៀកបំពាក់កូនក្រមុំក្នុងកម្មវិធីសំពះផ្ទឹម សម្លៀកបំពាក់កូនក្រមុំក្នុងកម្មវិធីទទួលភ្ញៀវពេលពិសារភោជនីយអាហារ និងសម្លៀកបំពាក់ហូលផាមួងអាវប៉ាក់ ជាភ្ញៀវកិត្តិយសចូលរួមសម្រាប់អាពាហ៍ពិពាហ៍។  ៣. សម្លៀកបំពាក់ណែនាំខ្លួនបែបសម័យទំនើប
ជាពិសេសនោះគឺសម្លៀកបំពាក់ តំណាង ២៥ ខេត្តក្រុង-រាជធានី និងចុងក្រោយគឺឈុតរាត្រីស្រមោលស ដែលញាំងឱ្យបរិយាកាសនៃកម្មវិធីកាន់តែលេចធ្លោ ជាមួយនឹងសម្រស់របស់បេក្ខនារីទាំងអស់ ដែលត្រៀមដាក់ពាក្យចូលរួមប្រកួតប្រជែងដណ្តើមយកពានរង្វាន់កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ប្រចាំឆ្នាំ២០២០។






ជាមួយនឹងដំណើរការនៃការចាប់ផ្តើមប្រកាសទទួលពាក្យនេះ លោក អ៊ិន សុភិន អគ្គនាយកក្រុមហ៊ុនមហាហង្ស និងជាអ្នកគ្រប់គ្រងនៃកម្មវិធីប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២០ ក៏ជឿជាក់យ៉ាងមុតមាំថាស្រីស្អាត ពោរពេញដោយសមត្ថភាពនៅកម្ពុជា នឹងបង្ហាញខ្លួនចូលរួមយ៉ាងច្រើន ដើម្បីជ្រើសរើសតំណាងទូទាំង ២៥ ខេត្តក្រុង-រាជធានី ដើម្បីលើកមុខមាត់ប្រទេសកម្ពុជា តាមរយៈការប្រកួតប្រជែងនេះ ទៅចូលរួមនៅឯប្រទេសវេណេហ៊្សុយអេឡានាពេលខាងមុខ។
ចំពោះបេក្ខភាពដែលរចនាម៉ូតសម្លៀកបំពាក់ល្អដាច់គេសម្រាប់កម្មវិធីប្រកួតនោះ នឹងទទួលបានទឹកប្រាក់រង្វាន់ចំនួន ២ លានរៀល រួមនឹងពានកិត្តិយសមួយ និងឈៀងមួយ ដែលហៅថា (Best Design Award)។ ចំពោះសម្លៀកបំពាក់តំណាងខេត្តក្រុងដែលជាប់ការរចនាម៉ូតល្អដាច់គេនឹងត្រូវយកទៅចូលរួមប្រកួតក្នុងកម្មវិធី Miss Grand International 2020 នៅប្រទេសវេណេហ៊្សុយឡា។